Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ គឺទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២ ចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃការប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ ដោយទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៤។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនថា ដោយមាន ការឯកភាពជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប បានចូលរួមប្រឡងប្រណាំង ហើយទទួលបាន ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៤ ដែលគ្រោងនឹងចែក នៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ ជូនដល់ដល់ទីក្រុងទេសចរណ៍ចំនួន ២១ នៅក្នុងបន់អាស៊ាន។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត បាននឹងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិត តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងស្អាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។
ការណ៍នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្ត ដល់ភ្ញៀវទេសចរ។ ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

គួរបញ្ជាក់ថា ស្ដង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួង ទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ និងដោយមានការគាំទ ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តន៍ជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×