ភ្នំពេញ ៖ លោកកឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង នឹងអញ្ជើញចូលក្នុងសវនាការ ជំនុំជម្រះលើសំណុំរឿងឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្អែកនេះ។ ការបើកសវនាការនេះ បានធ្វើឡើងបន្ទាប់ពីអាក់ខានមួយរយៈពេលកន្លងមកនេះ ដោយសារតែផ្ទុះជំងឺកូវីដ-១៩ ។
លោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោកកឹម សុខា បានថ្លែងប្រាប់សារព័ត៌មាន CEN នៅព្រឹកថ្ងៃទី១៨ ខែមករានេះថា លោកកឹម សុខា នឹងអញ្ជើញចូលរួមនៅក្នុងសវនាការនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមានៈ លោកកូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ , លោកសេង លាង និងលោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា។
តំណាងអយ្យការអមសវនាការ ៖ លោកប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រឡាបញ្ជាសវនាការលោកជ័យ វាសនា។
សូមជម្រាបថា សំណុំរឿងក្តីលោកកឹម សុខា ត្រូវបានតុលាការយកមកដំណើរការបើកសវនាការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតមកដល់ពេលបច្ចុប្បន្ន។ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវបានចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្និដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើបសួរបានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះ ដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅតុលាការជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៤០០ «គ» ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

