ភ្នំពេញ ៖ តាមរបាយការណ៍សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)បានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរនារយៈពេល ១០ ខែនៃឆ្នាំ ២០២១ មានទឹកប្រាក់ ៨ ៨៣០ លានដុល្លារកើនជាង ១៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃប្រមាណ ៧ ៧៩៦ លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។

ក្នុងចំណោមទឹកប្រាក់នាំចេញខាងលើ គឺផលិតផលសម្លៀកបំពាក់មានទឹកប្រាក់ ៦ ៥៣៨ លានដុល្លារ កើនឡើង ៦ ភាគរយ, ស្បែកជើងមានចំនួន ១ ១១៣ លានដុល្លារ កើនឡើង ២០ ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរ មាន ១ ១៧៩ លានដុល្លារ កើនឡើង ៤៩ ភាគរយ។
របាយការណ៍ដដែលនេះ បានបានឱ្យដឹងថា អត្រាកំណើននៃការនាំចេញប្រចាំឆ្នាំរបស់ GMAC មានលក្ខណៈគួរឱ្យសរសើរ លើកលែងតែរយៈពេលនៃវិបត្តិសកលធំៗ គឺវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងវិបត្តិជំងឺរាតត្បាតឆ្នាំ ២០២០។
គោលនយោបាយល្អ និងសកម្មភាពរួមគ្នាប្រកបដោយប្រសិទ្ធភាព រវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់យើងបានត្រឡប់រកភាពល្អប្រសើរក្នុងឆ្នាំ ២០២១ ដោយសារការគ្រប់គ្រងជំងឺរាតត្បាត និងកម្មវិធីចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព។

លោក គង់ សាង ប្រធានសមាគមរោងចក្រកម្ពុជា ដែលទើបជ្រើសរើសសម្រាប់អាណត្តិថ្មី ២០២២-២០២៣ បានឲ្យដឹងថា បើទោះបីវិស័យកាត់ដេរបានឆ្លងកាត់នូវបញ្ហាប្រឈមរាប់មិនអស់ ជាពិសេសការរាតត្បាតជំងឺកូវីដ ១៩ ក៏សមាគម និងសមាជិកទាំងអស់បានរួមគ្នាពុះពារជម្នះរាល់ការលំបាករហូតទទួលបានជោគជ័យមកដល់បច្ចុប្បន្ននេះ។
លោកបានបន្តថាៈកម្ពុជាបានចាប់ផ្តើមពីស្ថានភាពជាប្រទេស ដែលមានការនាំចេញតិចតួច ហើយអភិវឌ្ឍខ្លួនក្លាយ ទៅជាប្រទេសចម្បងមួយដែលផ្គត់ផ្គង់ដល់ទីផ្សារពិភពលោក ដោយកំណើនប្រចាំឆ្នាំជាមធ្យមនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះមានអត្រាប្រហែល ១០ ភាគរយ។ ទោះបីមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែយើងបានងើបឡើងវិញបានយ៉ាងលឿនក្នុងឆ្នាំ ២០២១ ដោយការនាំចេញក្នុងរយៈពេល ១០ ខែដំបូងមានកំណើនគួរឱ្យកត់សម្គាល់។

ប្រធានសមាគមរោងចក្រកាត់ដេរថ្មីរូបនេះ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចការ ពាក់ព័ន្ធទាំងឡាយ ពិសេសកិច្ចការជាអាទិភាពមួយចំនួនដូចជា បញ្ហាការងារ, ភ័ស្តុភារ,ពន្ធដារ,ការផ្គត់ផ្គង់វត្ថុធាតុដើម និងការបណ្តុះបណ្តាលធនធានមនុស្ស បម្រើឱ្យវិស័យវាយនភណ្ឌ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្ម ៤.០។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានចាត់ទុកវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេ របស់កម្ពុជា។ ក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះ មានប្រមាណជិត ១០ ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៦៣ ភាគរយនៃទឹកប្រាក់នាំចេញសរុប របស់កម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

