ភ្នំពេញ ៖ លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុន ជឹម អតីតអនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ពីបទក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចែកចាយដល់សមាជិកនៅមូលដ្ឋាន និងនៅសហរដ្ឋអាមេរិកដើម្បីវា.យប្រ.ហារមកលើអ្នកស្រី កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១។

លោកស្រី ឡាក់ សុភាព បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា “កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ឈ្មោះ អ៊ុន ជឹម ក្លែងសារសម្លេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកចាយដល់សមាជិកនៅមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវាយប្រហារមកលើនាងខ្ញុំ ដែលការក្លែងសារសំឡេងនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំ និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។
សូមសម្តេចក្រឡាហោម មេត្តាជួយស៊ើបអង្កេតរកយុត្តិធម៌ឲ្យរូបនាងខ្ញុំ និងចាត់វិធានការលើឈ្មោះ អ៊ុន ជឹមតាមផ្លូវច្បាប់ជាធរមាន”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក នៅ សំអាត ប្រធានគណបក្សឯកភាពជាតិខ្មែរ បានចេញសេចក្តីប្រកាសបណ្តេញលោក អ៊ុន ជឹម ចេញពីគណបក្សឯកភាពជាតិខ្មែរ។ មូលហេតុនៃការបណ្តេញលោកអ៊ុន ជឹម ចេញពីគណបក្សឯកភាពជាតិខ្មែរ គឺដោយសារបានសាងកំហុសកំហុសយ៉ាងធ្ងន់ធ្ងរនៅក្នុងគណបក្ស និងបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់គណបក្សឯកភាពជាតិខ្មែរ រួមមាន : ១-បានក្លែងសារសំឡេង សម្តេច រត់ជោ ហ៊ុន សែន ហើយចែកចាយដល់សមាជិកមូលដ្ឋាន និងនៅ សហរដ្ឋអាមរិក ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន។ ២-ធ្វើបក្សប្រហារ។ ៣-កោះប្រជុំសមាជិកដោយគ្មានការអនុញាតពីប្រធានបក្ស និងប្រធានស្តីទី។ ៤-បង្កើតអប្បគុមក្នុងបក្ស។ ៥-ញុះញង់នាំអោយមានការបែកបាក់ផ្ទៃក្នុងបក្ស នៅតាមមូលដ្ឋាន និងទី៦-មានចេតនា ដណ្តើមតំណែងជាប្រធានបក្ស និងប្រធានស្តីទីដោយគ្មានការឯកភាព ពីគណកម្មការអចិន្ត្រៃយ៍ និងគណៈកម្មការនាយក។

តាមហេតុផលខាងលើនេះ លោកនៅ សំអាត ប្រធានគណបក្សឯកភាពជាតិខ្មែរ និងតំណាងឲ្យសមាជិក នៃគណបក្សឯកភាពជាតិខ្មែរទាំងអស់ ឈប់ទទួលស្គាល់បុគ្គល អ៊ុន ជឹម ជាសមាជិកបក្សនិងបញ្ឈប់តួនាទីគ្រប់ផ្នែកនៅក្នុងបក្ស ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកស្រី ឡាក់ សុភាព បានដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុន ជឹម ទៅឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីបទក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបានចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវា.យប្រ.ហារមកលើលោកស្រី ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។
លោកស្រី ឡាក់ សុភាព បានថ្លែងថា នៅពេលដែលលោកអ៊ុន ជឹម មកពីសហរដ្ឋអាមេរិក មកធ្វើការនៅកម្ពុជា គឺមិនបានអនុវត្តតាមលក្ខន្តិកៈរបស់គណបក្សនោះទេ និងបានដឹកនាំការងារក្នុងបក្សបែបអាណាធិបតេយ្យ។ ហើយជាពិសេសបុគ្គលនេះ បានក្លែងសារសម្លេងសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវ៉ៃប្រហារមកលើលោកស្រី។ ដែលការក្លែងសារសំឡេងនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងកិត្តិយសរបស់លោកស្រី។
លោកស្រីបញ្ជាក់ថា “បុគ្គលនេះ (អ៊ុន ជឹម) ជាអតីតសមាជិកបក្សប្រឆាំង និងជាសមាជិកក្លឹបនៅអាមេរិក មានន័យថា ជាអ្នកបញ្ជូនសារ ឬក៏ស៊ើបការ ត្រង់នេះហើយដែលខ្ញុំបដិសេធចាប់ពីពេលធ្វើសន្និសីទមិនឲ្យ ជឹម អ៊ុន ដណ្តើមយកបក្សឯកភាពជាតិខ្មែរ ដោយបុគ្គលនេះ បង្កើតអប្បគមន៍នៅក្នុងបក្ស។ ហើយបុគ្គលនេះ បានផ្ញើសារមកគឺសុំឈប់សម្រាកពីការងារបក្សមួយរយៈ ប៉ុន្តែបុគ្គលនេះបានដើរធ្វើសកម្មភាពនៅគ្រប់ទៅកន្លែង នេះគឺជាការរំលោភបំពានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស”។
លោកស្រី ឡាក់ សុភាព បានអះអាងថា លោកស្រីនឹងដាក់ពាក្យបណ្តឹងប្តឹងលោកអ៊ុន ជឹម ទៅតុលាការនៅក្នុងពេលឆាប់ៗនេះ ពាក់ព័ន្ធករណីលោក អ៊ុន ជឹម ក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន និងសុំឲ្យតុលាការចាត់វិធានការលើបុគ្គលនេះតាមផ្លូវច្បាប់។ ពីព្រោះសារសំឡេងដែលលោកអ៊ុន ជឹម ចែកចាយទៅដល់សមាជិកនៅមូលដ្ឋាន គឺមិនមែនជាសម្លេងរបស់សម្តេចនោះទេ។
ជាមួយគ្នានេះ លោកស្រី ឡាក់ សុភាព បានអំពាវនាវទៅដល់សម្តេចយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យលោកស្រីផង។
ចំណែកលោកអ៊ុន ជឹម មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងការលើកឡើងរបស់លោកស្រី ឡាក់ សុភាព ប្រធានទីស្តីគណបក្សឯកភាពជាតិខ្មែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

