ប្រិយមិត្ត ជាពិសេសអ្នកតាមដានសង្គមសិល្បៈ បានស្គាល់រួចហើយ ពីកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីគ្រងតំណែងជួរមុខមួយរូប ល្បីឈ្មោះខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពិតណាស់ បើទោះជាអ្នកនាង សុគន្ធកញ្ញា មានស្វាមី និងកូនប្រុសម្នាក់ រួចហើយក្តី ក៏តារាស្រីរូបនេះនៅតែរក្សាប្រជាប្រិយភាព ទទួលការគាំទ្រពីសំណាក់មហាជនដដែល។
ដោយឡែក កាលពីពេលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម និងក៏ដូចហ្វេនៗ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ ឱក សុគន្ធកញ្ញា ស្ងាត់ៗស្រាប់តែបង្ហាញមុខមាត់ប្អូនប្រុសពៅរបស់ខ្លួន ជាមួយរូបថត២សន្លឹក កាលប្អូនប្រុសរបស់នាងនៅតូចអាយុប្រហែលជាង២ឆ្នាំ ប៉ុន្តែ ឥឡូវនេះ រូបគេធំពេញវ័យកំលោះហើយ។
ក្នុងនោះ អ្នកនាង សុគន្ធកញ្ញា ក៏បានភ្ជាប់សំណេររៀបរាប់ដូច្នេះថា៖ «ភ្លេចៗខ្លួនពេលនេះប្រុសពៅរបស់ខ្ញុំពេញកម្លោះហើយ ថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់ ទោះពេលនេះមិនបានជុំគ្នាដូចមុនតែបេះដូងជុំដដែល កុំភ្លេចមើលថែខ្លួនឯងនិងម៉ាក់ឲ្យបានល្អ ត្រូវមានចិត្តអំណត់ឧស្សាហ៍ព្យាយាម ធ្វើជាមនុស្សធំដោយមានសុខភាពល្អ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានបេះដូងស្រស់ស្អាត មានលុយចាយច្រើនៗ Happy birthday my love »។
យ៉ាងណាមិញ ទន្ទឹមនឹង ឱក សុគន្ធកញ្ញា បង្ហាញមុខមាត់ប្អូនប្រុសខ្លួននាពេលនេះ គេក៏បានឃើញហ្វេនៗជាច្រើន បានចូលខមិនអបអរសាទរថ្ងៃខួបកំណើតប្អូនប្រុសនាងជាមួយពាក្យ Happy birthday គ្រប់ៗគ្នា។ ហើយក្នុងនោះផងដែរ ក៏មានអ្នកលើកឡើងបែបនេះថា «ទឹកចិត្តបងស្រី គឺប្រៀបដូចម្តាយទីពីរអុីចឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





