ខេត្តត្បូងឃ្មុំ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គម្រោងការពារច្រាំងទន្លេមេគង្គចំនួន ៣ ទីតាំង នៅខេត្តត្បូងឃ្មុំ ប្រវែងជា៣០០០ម៉ែត្រ ត្រូវបានក្រុមការងារ ពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេទាំង៣ទីតាំងនេះ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ។
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និង តំណាង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោក យិន សាវុធ ប្រធាន នាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ និងលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារបច្ចេកទេស នៃ នាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព នៃគម្រោងការពារច្រាំង ទន្លេមេគង្គ ចំនួន ០៣ ទីតាំង ដូចខាងក្រោម៖
១. គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៥០០ ម៉ែត្រ ស្ថិតនៅឃុំជីរោទិ៍១ និងឃុំរការធំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោម នៃច្រាំងទន្លេ ក្រោយបញ្ចប់សុពលភាព រយៈពេល ៦ខែ។
២.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១.៩៥០ ម៉ែត្រ ស្ថិតនៅឃុំក្រូចឆ្មារ និងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោម នៃច្រាំងទន្លេ ក្រោយបញ្ចប់សុពលភាពរយៈពេល ៦ខែ។
៣.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៧០០ ម៉ែត្រ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ក្រោយបញ្ចប់សុពលភាពរយៈពេល ៦ខែ។
ជារួម ក្រុមការងារ បានពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេទាំង០៣ទីតាំងខាងលើ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី