Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​សម្រេច​ឲ្យ​លោក​កឹម សុខា ជាប់ពន្ធនាគារ​ដដែល​

spot_img

ភ្នំពេញៈ តុលាការ​កំពូល​បានសម្រេច​រក្សា​តម្កល់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល គឺ​មិន​អនុញ្ញាតអោយ​លោក​កឹម សុខា នៅក្រៅ​ឃុំ​នោះទេ​។ លោក​កឹម សុខា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​»​។
​ការសម្រេច​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា នេះ​។ សវនាការ​មិនមាន​វ​ត្ត​មាន​លោក​កឹម សុខា នោះទេ​។ ប៉ុន្តែ​មាន​មេធាវី​ការពារ​ក្តី​ចូល​ការពារ​ក្នុង​សវនាការ​។​

​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក​កឹម សុខា បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ចប់​សវនាការ​ថា ក្រុម​មេធាវី​បាន​ប្តឹង​សារទុក្ខ​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ទាក់ទង​សេចក្តីសម្រេច​តម្កល់​ដីកាឃុំខ្លួន​លោក​កឹម សុខា​។ លោក​បញ្ជាក់ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ច្រានចោល​បណ្តឹង​សារទុក្ខ​របស់​ក្រុម​មេធាវី និង​រក្សា​សាលដីកា​របស់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ទុកជាបានការ​។​

លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក​កឹម សុខា​

​គួរ​បញ្ជាក់ដែរថា​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយពី​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​អនុវត្ត តាម​ការបញ្ជា​របស់​ស​ហ​រដ្ឋ​អាមេរិក ក្នុងការ​ដណ្តើម​អំណាច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប់ច្បាប់​ប្រទេស ដែល​កើតចេញពី​ការបោះឆ្នោត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំ​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ «​ក្បត់ជាតិ​» ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រោយ​ការសម្រេច​របស់​សាលាដំបូង​ក្រុម​មេធាវី​របស់លោក កឹម សុខា ក៏បាន​ប្តឹង​ប្រឆាំង​ការសម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍ ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​ក្តី​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​។ តែ​សវនាការ​នោះ ក្រុ​មេធាវី​ការពារ​ក្តី​របស់លោក កឹម សុខា មិនបាន​ចូលក្នុង​បន្ទប់​សវនាការ​នោះឡើយ​។ បើទោះបី​មិនមាន​វត្តមាន​របស់​ក្រុម​មេធាវី តែ​លោក ឃុន លាង​ម៉េង អនុប្រធាន​សាលាឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ សម្រេច​តម្កល់​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ ពោលគឺ​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​៕ ដោយៈ មុនីរាជ​

spot_img
×