Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ប៉ាន សូរ​ស័ក្តិ​៖ រដ្ឋាភិបាល​ចាត់ទុក SMES សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​

spot_img

សិង្ហ​បុរី​៖ នា​ឱកាស​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស នៅក្នុង វេទិកា​ភាពជា​អ្នក​ដឹកនាំ​អាស៊ាន លើក​ទី​១៥ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Marina Mandarin រដ្ឋធានី​សិង្ហ​បុរី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ជម្រាប​បណ្តា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​អាស៊ាន និង​អ្នកសារព័ត៌មាន អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកស្ទួយ​សហ​គ្រាស​ធុន​តូច និង​ធ​ម្យ​ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​សម្រាប់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម ឆ្នាំ​២០១៦-២០២៥​។​

“​សហគ្រាស​ធុន​តូច និង​មធ្យម ដើរ​តួនាទី​សំខាន់ ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ផ្តល់​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាជន ដែល​បាន​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម ហើយ​បាន​ប្រឹងប្រែង​ជំរុញ​វិស័យ​នេះ តាមរយៈ​ក្របខណ្ឌ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម ឆ្នាំ​២០០៥-២០១០ យុទ្ធសាស្ត្រ​ចតុកោណ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោលដៅ​ពង្រីក និង​ធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម តាមរយៈ​ជំនួយ​បច្ចេកទេស ធនធាន​ហិរញ្ញវត្ថុ និង​ការគាំទ្រ​ទីផ្សារ​ជាដើម​។​ល​។​

​លើសពីនេះ លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​មុតមាំ​ថា ការប្តេជ្ញាចិត្ត​របស់​អា​ស៊ាន​ក្នុងការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នឹង​ផ្តល់​នូវ​កាលានុវត្តភាព​ថ្មីៗ ជាមួយ​វឌ្ឍនភាព​យ៉ាងច្រើន សម្រាប់​ការលូតលាស់​នៃ​វិស័យ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម នៅក្នុង​តំបន់​។​

​សូមបញ្ជាក់​ថា វេទិកា​ភាពជា​អ្នក​ដឹកនាំ​អាស៊ាន គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ផ្តោត​សំខាន់​លើ​ការពិភាក្សា​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់​។ វេទិកា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​កិច្ចសន្ទនា និង​បង្កើន​ទំនាក់ទំនង​ស្អិតរ​មួ​ត រវាង​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន នៅក្នុង​ប្រទេស​អាស៊ាន​។ សម្រាប់​ឆ្នាំ​នេះ វេទិកា​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​បណ្ឌិត Robert Yap ប្រធាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ច​អាស៊ាន និង​មាន​ការចូលរួម​ពី​សំណាក់​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​សេដ្ឋកិច្ច នៃ​ប្រទេស​សមាជិក​អាស៊ាន អគ្គលេខាធិការរង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ហុងកុង ក្រុមប្រឹក្សា​ធុរជន វិស័យ​ឯកជន និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×