ខេត្តព្រៃវែង ៖ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ របួសស្រាល២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរមួយ ដែលកើតឡើងរវាង ម៉ូតូមួយគ្រឿង ជិះបុកគូទរថយន្តមួយគ្រឿងបណ្តាលឲ្យដួល ហើយត្រូវម៉ូតូផ្សេងទៀតមកពីក្រោយបុកបន្ថែម បណ្តាលឲ្យស្លាប់និងរបួស ហើយរថយន្តបើករត់បាត់។
កាលពីវេលាម៉ោង ១៤និង២០នាទី រសៀល ថ្ងៃ សៅរ៍ទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រទី៥៥-៥៦ ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង មានគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងម៉ូតូមួយគ្រឿងម៉ាក C125ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P 3979 បើកបរដោយឈ្មោះ បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមដំណើរដោយឈ្មោះ ខា ដាវ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ- សង្កាត់ជាមួយគ្មា ធ្វើដំណើពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ម៉ូតូបានជ្រុលចង្កូត ទៅបុកពីក្រោយគូទរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យម៉ូតូដួល ។ បន្ទាប់មកក៏មានម៉ូតូមួយគ្រឿងផ្សេងទៀត ម៉ាកនិច ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 1GW8746 បើកបរដោយឈ្មោះ ឈុន វ៉ាន់ណេត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានអ្នករួមដំណើរជាមួយចំនួន ២នាក់ទៀត គឺ ឈ្មោះ ព្រុំ វុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា ឈ្មោះ ថា មិនា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រែកប្រា ឃុំព្រែកកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរបន្តពីក្រោយ ស្របទិសគ្នា ក៏ជ្រុលទៅបុកគូទម៉ូតូ C125 បន្ថែមទៀត បណ្តាលឲ្យអ្នកជិះម៉ូតូC125 រងរបួសធ្ងន់ទាំង២នាក់ ចំណែកអ្នកជិះម៉ូតូនិច រងរបួសធ្ងន់១ នាក់ និងស្រាល២នាក់ ។ ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ ៣នាក់ និងរបួសស្រាល២នាក់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកពារាំង តែក្រោយមកឈ្មោះ បញ្ញា ក៏បានស្លាប់ ។
វត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿង៕ ដោយ៖បញ្ញាស័ក្តិ