ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន មេត្តាជ្រាបថា ស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងដើម្បី គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើតប្រព័ន្ធ “សហគមន៍ឌីជីថលកម្ពុជា”។

ប្រព័ន្ធនេះ បង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំបុគ្គល ដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុង ប្រទេស និងក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ របស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹង និងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ ព្រមទាំង ព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងគោលនយោបាយ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផងដែរ។
ក្រសួងសូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមាន ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈ្មោះ តាមរយៈតំណភ្ជាប់ https://dcc.gov.kh៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


