ភ្នំពេញ ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងថា រាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន មានវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នោះ ទីក្រុងភ្នំពេញ ក៏កំពុងប្រឈមទៅនឹងបញ្ហាថ្មីមួយ លើការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ ដូច្នេះការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យ ដែលមានសមត្ថភាព របស់មិត្តជប៉ុន គឺពិតជាបានឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ចំពោះមុខ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។

រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន៤ គ្រឿង ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្តល់រថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) ។
ពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន ៤ គ្រឿងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យកណ្តាលនគរបាលអាវុធជាតិផ្ទុះ និងអគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវអំណោយ ជារថយន្តពន្លត់អគ្គិភ័យ និងការបណ្ដុះបណ្ដាលបច្ចេកទេស ជូនដល់អង្គភាពជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែបានគាំទ្រ ដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។
ឯកឧត្តមបន្តថា ៖ គ្រោះអគ្គិភ័យបានបង្កនូវវិនាសកម្ម ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យខូចខាតទ្រព្យ សម្បត្តិរដ្ឋ និងឯកជនជាច្រើន ហើយក្នុងពេលប្រតិបត្តិការ កងកម្លាំងពន្លត់អគ្គិភ័យក៏ ត្រូវបានជូបប្រទៈនូវភាពស្មុគស្មាញ ប្រឈមទៅនឹងការលំបាកទាំងបច្ចេកទេស និងសមត្ថភាពជំនាញឯកទេស ជាពិសេសភាពប្រថុយប្រថានខ្ពស់ទៅនឹង គ្រោះថ្នាក់ដល់អាយុជីវិត ថែមទៀតផង ។
បើផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍គ្រោះអគ្គិភ័យ នៅរាជធានីភ្នំពេញ បានកើតមានឡើង ចំនួន ១៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២ នាក់, របួសចំនួន ២៣ នាក់ និងបានបណ្ដាលឱ្យខូចខាតទ្រព្យ សម្បត្តិ ដូចជា ឆេះផ្ទះ ២៨ ខ្នង, ឃ្លាំង-រោចក្រ ១០ កន្លែង, បន្ទប់ស្នាក់នៅ ៣៦ បន្ទប់, រថយន្ត ៣៦ គ្រឿង, យានយន្ត គ្រឿងចក្រ និងសម្ភារៈ-បរិក្ខារមានតម្លៃជាច្រើនទៀត។

ឯកឧត្តមអភិបាលបន្តថា ៖ ស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន មានវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នោះ ទីក្រុងភ្នំពេញ ក៏កំពុងប្រឈមទៅនឹងបញ្ហាថ្មី១ លើការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ ។ ដូច្នេះការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យ ដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ចំពោះមុខ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។
ឯកឧត្តមបន្តទៀតថា សម្រាប់រថយន្តពន្លត់អគ្គិភ័យ ដែលមិត្តជប៉ុនបានផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះ ជាប្រភេទរថយន្ត ពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន នៃគម្រោងតូសាណូណិដែលមាន ចំនួនសរុប ៤ គ្រឿង ក្នុងនោះរួមមាន រថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន ២ គ្រឿង, រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយ សារធាតុគីមីចំនួន ១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់ ៤០ ម៉ែត្រ ចំនួន ១ គ្រឿង ដែលរថយន្តទាំងនេះនឹងចូលរួមគាំទ្រ. បង្កើនសមត្ថភាព និងសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូនកងកម្លាំងពន្លត់អគ្គិភ័យ កាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍លើកឡើងផងដែរថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនេះ បានបរិច្ចាគដោយ រដ្ឋាភិបាលក្នុងស្រុកនៃប្រទេសជប៉ុន តាមរយៈជំនួយឥតសំណងគម្រោងគូសាណូណិ ដោយមានកិច្ចសហប្រតិបត្តិការពី អង្គការ Society for Promotion of Japanese Diplomacy ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។ រថយន្តពន្លត់អគ្គិភ័យ វានឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ ។
ឯកឧត្តមទូត ប្រាកដថា គម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរ និងអ្នកជំនួញដែលធ្វើដំណើរមកពីជុំវិញពិភពលោកផងដែរ។
ចំពោះរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីចំនួន ៤គ្រឿងខាងលើនេះ គឺផ្ដល់នូវសារៈសំខាន់ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ។ ជាពិសេសទៅទៀតនោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ដែលមានជណ្តើរសម្រាប់ប្រើប្រាស់ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់គាំងនៅលើអាគារខ្ពស់ មិនអាចចុះមកខាងក្រោម ចំណែកឯ រថយន្តពន្លត់អគ្គិភ័យមួយទៀត គឺប្រើប្រាស់សម្រាប់ការបា.ញ់ទឹកពន្លត់ ដែលក្នុងនោះ ប្រើប្រាស់នូវម្ស៉ៅសាប៊ូ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






















