ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាមជាអ្នកបន្តវេន និងជាព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាយ៉ាងមោះមុត ក្នុងការការពារថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបានគង់វង្ស។ ដោយ ព្រះអង្គមានជំនឿថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានគាំទ្រសាជាថ្មី ក្នុងការបោះឆ្នោតនាពេលខាងមុខ។

ការប្តេជ្ញារបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើឡើងនាឱកាសយាង ចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ស្រុក ឃុំ នៅទីស្នាក់ការបក្សខេត្តកំពត ក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ នៅព្រឹកថ្ងៃច័ន្ទទី២៤ខែមករា ឆ្នាំ២០២២។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសស្វាគមន៍ និងបើកទ្វាចំហរ ចំពោះអ្នករាជានិយម អ្នកជាតិនិយម មករួបរួម សាមគ្គីគ្នាជាមួយមហាគ្រួសារ ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច។

គួរបបញ្ជាក់ថា ការប្តេជ្ញារបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងការការពារថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបានគង់វង្ស គឺបានធ្វើឡើងបន្ទាប់ពីក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី រួមទាំងមនុស្សមួយចំនួនទៀត គ្រោងនឹងរៀបចំធ្វើសមាជ នាពេលខាងមុខនេះ ដើម្បីយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្សជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។
សូមរំលឹកថា ក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី បានបើកកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កកន្លងមកនេះ ដោយបានសម្រេចជាឯកច្ឆន្ទយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្សជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


