Sunday, December 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានប្រសិទ្ធិភាព

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានប្រសិទ្ធិភាព ទើបក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានេះឡើង។

ឯកឧត្តម កែវ រ៉េមី បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសិក្ខាសាលាពិគ្រោះ យោបល់ជាមួយសហជីពស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក្នុងគោលដៅប្រមូលធាតុចូលបន្ថែមពីខាងសហជីព និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសហជីពលើ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នៅសកលវិទ្យាភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និងលោក Pradeep Wagle តំណាងOHCHR។ កិច្ចពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីសហជីព និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម កែវ រ៉េមី បានថ្លែងថា ការធ្វើកិច្ចពិគ្រោះយោបល់លើសេក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់ និងរីករាយយ៉ាងក្រៃលែង ដោយមានវត្តមានការចូលរួមពីតំណាងសហជីព ហើយកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ នឹងត្រូវធ្វើជាបន្តបន្ទាប់ទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាច្បាប់នេះបម្រើឱ្យប្រយោជន៍ដល់ជនគ្រប់រូប ជាពិសេសធានាបាននូវការការពារ ការលើកកម្ពស់ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែប្រសើរឡើងថែមទៀត។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងដើម្បីឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានប្រសិទ្ធិភាព ទើបអនុញ្ញាតឱ្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើសេចក្តីព្រាងច្បាប់នេះឡើង។

លោក Pradeep Wagle បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មធិការជាតិសិទ្ធិមនុស្សកម្ពុជា នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកនឹងបន្តសហការជាមួយគ.ស.ម.ក. ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

លោក Pradeep Wagle ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)បានថ្លែងថា ក្នុងនាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុលសិទ្ធិមនុស្សប្រចាំកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញ អំពីឆន្ទៈរបស់ការិយាល័យរបស់ខ្ញុំ នៅក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្ស សម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តដឹកនាំកិច្ចពិគ្រោះយោបល់នេះ និងបានស្នើអង្គសិក្ខាទាំងមូលចូលរួមផ្តល់ជាមតិយោបល់ ក៏ដូចជាធាតុចូលនានា ក្នុងន័យស្ថាបនាសេចក្ដីព្រាងច្បាប់នេះ ឱ្យមានលក្ខណៈតម្លាភាព និងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ សំដៅធ្វើយ៉ាងណាឱ្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលនឹងត្រូវបង្កើតឡើង គឺស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវ: និងធានានូវការការពារ លើកកម្ពស់ និងគោរពសិទ្ធិមនុស្ស ចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនមានការរើសអើង។

គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំធ្វើឡើងដោយ គ.ស.ម.ក. និងមានសហការផ្ដល់ជាបច្ចេកទេស ពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។
គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។ កិច្ចពិគ្រោះយោបល់បានពិភាក្សា ផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មនិងផុសផុលរាល់មាត្រា និងជំពួកនីមួយៗក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល ប្រកបដោយជោគជ័យ។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់ នូវធាតុចូលពីសាធារណៈជនទូទៅ តាមរយៈហ្វេសហ៊ុកផេក និង Telegram Channel តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ ជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១ បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល។ អង្គសិក្ខាសាលា បានពិភាក្សាផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុល ចំពោះមាត្រា និងជំពួកនីមួយៗ ក្នុងស្មារតីសាមគ្គីភាព ។

សេចក្តីព្រាងច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស៕ រក្សាសិទ្ធិដោយ៖សុទ្ធ លី

×