Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ ប្តេជ្ញាជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី

spot_img

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ប្តេជ្ញាជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឱ្យបានទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក កាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី។

កាលពីថ្ងៃទីទ២៤ខែមករាឆ្នាំ២០២២នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមអមដំណើរពីលោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group លោក James Zemke អគ្គនាយកក្រុមហ៊ុន Mercedes លោក Hy Ramy នាយកប្រតិបត្តិផ្នែកហិរញ្ញ វត្ថុក្រុមហ៊ុន HGB Group និងលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធផងដែរ។

ជំនួបនេះផ្តោតការពិភាក្សាលើគោលនយោបាយ សម្រាប់ការគាំទ្រសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) នៅកម្ពុជា និងការជំរុញការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនី ឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។

ថ្លែងក្នុងជំនួបនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការរៀបចំ សេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង រួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើង ស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីនាំមុខ និងការប្តេជ្ញាចិត្តប្រកប ដោយការទទួលខុសត្រូវខ្ពស់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឱ្យបានទូលំទូលាយ និងបានបន្ថែមថា៖ រាជរដ្ឋាភិបាលមានការបើកចំហរទូលំ ទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី។

ជាមួយគ្នានោះផងដែរ គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានសំណូមពរឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារ បច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដារួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយ ថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយ សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យសហព័ន្ធសហការឱ្យបានជិតស្និទ្ធ ជាមួយមន្ត្រី ជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅដោះស្រាយបញ្ហា ដែលសហព័ន្ធបានលើកឡើង ឱ្យបានជោគជ័យ ដើម្បីជំរុញលើកទឹកចិត្តឱ្យ មានការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនីបានទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ ពីវិស័យឯកជន ក៏ដូចជាសាធារណជនជាទូទៅផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

spot_img
×