ប៉ុន្មានថ្ងៃកន្លងមកនេះ រូបភាពរបស់ស្រីស្អាតជាពិធីការិនីដ៏ល្បីឈ្មោះ ជីមមី រំលេចខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណីហូលផាមួង ជាមួយទេសភាពផ្ទៃឆ្នេរសមុទ្រក្រុងព្រះសីហនុដ៏ប្លែក ឃើញថា ទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្តង ព្រោះតែម្នាក់ៗមានការភ្ញាក់ផ្អើលថា ធ្លាប់តែឃើញអ្នកទៅលេងសមុទ្រគេស្លៀករ៉ូប ឬឈុតលេងទឹកសាមញ្ញៗ តែចម្លែកអី ជីមមី បែរជាស្លៀកហូលផាមួួងបែបនេះទៅវិញ។
តែទោះយ៉ាងណា បើតាមដឹងច្បាស់ គឺ ជីមមី ពុំបានស្លៀកឈុតប្រពៃណី ទៅថតដូចដែលមហាជនបានឃើញនោះទេ ប៉ុន្តែ ការពិត ទេសភាពឆ្នេរសមុទ្រកំពង់សោមនៅខាងក្រោយខ្នង ជីមមី គឺគ្រាន់តែជាទេសភាព (Background) ត្រូវបានចាក់បញ្ចាំងតាមរយៈស្លាយ នៅក្នុងកម្មពិធីវេទិកាទេសចរណ៍អាស៊ាន 2022 លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ប៉ុណ្ណោះ។
នេះបើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ជីមមី បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា៖ «យប់ទី3 បិទបញ្ចប់យ៉ាងជោគជ័យនៃកម្មវិធីទេសចរណ៌អាស៊ាន 2022 | ASEAN Tourism Forum 2022 | ATF 2022 Cambodia ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង មានការចូលរួមពីគណៈប្រតិភូអាស៊ាន អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិទាំង 10 ប្រទេសចូលរួមនាខេត្តព្រះសីហនុ តំបន់ឆ្នេរស្អាតដាច់គេលើលោក។ យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលតួនាទីជាពិធីករ និងពិធីការិនីក្នុងកម្មវិធីជាតិដ៏អស្ចារ្យនេះ ។ កម្មវិធីជាតិនៅលើឆ្នេរសមុទ្រស្លៀកសំលៀកបំពាក់ដូចនាងខ្ញុំសមរម្យទេបងប្អូន?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
























