ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានចេញរបាយការណ៍ ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិ.ង្សា ឆ.ក់យកទូរស័ព្ទដៃ នៅចំណុចដីវាល ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ , នៅថ្ងៃទី២៤ ខែមករានេះ ជនសង្ស័យចំនួន៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

បើតាមលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២១និង០០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានទទួលដំណឹងថា «មានករណី ឆ.ក់ យកទូរស័ព្ទ នៅចំណុចមុខដីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ តែជនរងគ្រោះមិនបាន មកដាក់ពាក្យបណ្តឹងទេ» រហូតដល់ម៉ោងប្រហែល ០២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋាន ដល់ចំណុច មុខខ្លោងទ្វារវត្តស្ងួនពេជ្រ ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ឃើញជនសង្ស័យឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស កំពុងបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BL-7948 ឌុបជនសង្ស័យឈ្មោះ អឿន ដេវីត ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានហៅជនសង្ស័យឲ្យឈប់សាកសួរ ពេលនោះជនសង្ស័យឈ្មោះ អឿន ដេវីត និងជនសង្ស័យឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស បានសារភាពថា «ខ្លួន និងបក្ខពួក ចំនួន០៣នាក់ទៀត (ឈ្មោះ ស៊ុ ដារិទ្ធ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ, ឈ្មោះ ផល្លី ផល្លា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ និងឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ពិតជាបានធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទរបស់ជនរងគ្រោះ ជាមនុស្សប្រុស ចំនួន ០១នាក់ ជិះម៉ូតូម៉ាកប៊ីត ពណ៌ខៀវ មិនចាំស៊េរី និងផ្លាកលេខ ដែលកំពុងជិះម៉ូតូដល់មុខចំណុចទីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល(សង្កាត់កំបូល) ពិតប្រាកដមែន»។

បន្ទាប់ពីមានចម្លើយសារភាព នៅវេលាម៉ោងប្រហែល ១៥និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចនគរបាលខណ្ឌកំបូល បានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុ ដារិទ្ធ និងឈ្មោះ ផល្លី ផល្លា ដែលកំពុងដេកនៅក្នុងបន្ទប់ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រួមទាំងមធ្យោបាយ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកប៊ីត ពណ៌សលាយក្រហម ស៊េរី០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-3283 លេខតួ 9011586 លេខម៉ាស៊ីន 9011753 នាំយកមកសាកសួរបន្ត ចំណែកជនសង្ស័យឈ្មោះ រ៉ា បានគេចខ្លួនបាត់។

ឃាត់សង្ស័យចំនួន ០៤នាក់ ៖ ១.ឈ្មោះ អឿន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន) , ២.ឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន) , ៣.ឈ្មោះ ស៊ុ ដារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល (ឃាត់ខ្លួនគ្មានសារធាតុញៀន) , ៤.ឈ្មោះ ផល្លី ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (ឃាត់ខ្លួនគ្មានសារធាតុញៀន) , ៥.ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ (គេចខ្លួន)។
សម្ភារៈបន្សល់ទុកមាន ៖ ម៉ូតូ ចំនួន០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BL-7948 លេខតួ+លេខម៉ាស៊ីន 8547685, ម៉ាកប៊ីត ពណ៌សលាយក្រហម សេរី០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-3283 លេខតួ 1901586 លេខម៉ាស៊ីន 9011753៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


