បុរសម្នាក់បាននាំមកនូវទុក្ខសោកដ៏សោកសង្រេង ចំពោះគ្រួសារជាច្រើន បន្ទាប់ពីរូបគេបានប្រព្រឹត្តអំពើមនុស្សឃាត ដែលជាការ «សងសឹក» ព្រោះតែរូបគេត្រូវបានសម្លុតគំរាមកំហែង នៅក្នុងសាលារៀន អស់រយៈពេលជាង១ទសវត្សរ៍មកហើយ ។
ប៉ូលីសនៅក្នុងប្រទេសចិន បានប្រកាសថា ពួកគេបានចាប់ខ្លួនបុរសអាយុ ២៨ ឆ្នាំ ម្នាក់ ឈ្មោះ Zhao បន្ទាប់ពីបុរសរូបនេះបានចាក់ប្រហារទៅលើក្មេងៗចំនួន ១៩ នាក់ ។
ប៉ូលីសនិយាយថា ក្មេងស្រី ១៤ នាក់ និងក្មេងប្រុស ៥ នាក់ បានរងរបួស ។ ៧ នាក់ ក្នុងចំណោមពួកគេ បានស្លាប់ដោយសារត្រូវរបួសធ្ងន់ធ្ងរពេក ។ ប៉ូលីសពុំទាន់បញ្ជាក់ឈ្មោះក្មេងៗរងគ្រោះទាំងនោះទេ ប៉ុន្តែ ពួកគេនិយាយថា ក្មេងស្រី៥នាក់ និងក្មេងប្រុស២នាក់ បានស្លាប់ ។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យសន្តិសុខសាធារណៈស្រុក Minzhi, Zhao បានស្អប់មិត្តរួមថ្នាក់ ព្រោះតែពួកគេបានសម្លុតគំរាមរូបគេនៅក្នុងសាលា ។ ឥឡូវនេះ រូបគេបានធ្វើការវាយប្រហារដ៏សាហាវនេះ ដើម្បីជាការសងសឹក ដោយសាររូបគេត្រូវបានសម្លុតនៅពេលរូបគេបានចូលរៀនថ្នាក់វិទ្យាល័យនេះ អស់រយៈពេលជាង១ទសវត្សរ៍មកហើយ ។
ការវាយប្រហារនេះបានកើតឡើងនៅជិតសាលារៀន វេលាម៉ោង ៦ ល្ងាចថ្ងៃសុក្រ ។ Zhao បានប្រើកាំបិត និងចាក់ប្រហារទៅលើក្មេងៗ ខណៈពួកគេកំពុងធ្វើដំណើរទៅកាន់ផ្ទះរបស់ពួកគេវិញ ៕ ចន្ទី