ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ , ស្ថានភាពបែបនេះនឹងធ្វើឲ្យ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។
ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី១ ខែកុម្ភៈ ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C , សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ C , នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។
២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C , សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C, នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។
៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C , សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C , អាចមានភ្លៀង ក្នុងកម្រិតខ្សោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី