Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលដ្ឋានសំខាន់ៗ២ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា នេប៉ាល់​ គឺកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម

spot_img

ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មានមូលដ្ឋានសំខាន់ៗ២ ដែលរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា នេប៉ាល់ គឺទីមួយ ផ្អែកលើមូលដ្ឋាន នៃការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចនោះ ក៏នាំទៅដល់ការចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការលើវិស័យធំៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម ដែលមូលដ្ឋាននៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណែកមូលដ្ឋានទីពីរ ត្រូវបានសម្ដេចក្រឡាហោម មានប្រសាសន៍ថា ប្រទេសកម្ពុជា មានប្រជាជនភាគច្រើន ឬប្រមាណ៩០ភាគរយ ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនា ក៏ជាសាសនាដែលត្រូវបានប្រជាពលរដ្ឋនេប៉ាល់ គោរពប្រតិបត្តិផងដែរ ដែលគឺជាមូលដ្ឋានសំខាន់នាំ ទៅដល់ការផ្សាភ្ជាប់ និងជាមូលដ្ឋាននៃការបង្កើន​ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នារសៀលថ្ងៃអង្គារទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយសង្ខេបនូវកិច្ចការសំខាន់ៗមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវ របស់ក្រសួងមហាផ្ទៃ ក្នុងនោះសម្ដេច បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃទទួលខុសត្រូវលើការងារសំខាន់ៗពីរ គឺទី១ វិស័យសន្តិសុខ និងទី២ ការងារសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច ក៏បានសម្ដែងក្ដីសង្ឃឹម និងចំណាប់អារម្មណ៍ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះជាមួយប្រទេសនេប៉ាល់ ដែលកិច្ចការនេះអាចធ្វើឡើងតាមរយៈការផ្លាស់ប្ដូរនូវទស្សនកិច្ចទៅវិញទៅមក លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
សម្ដេច ក៏បានបន្តជម្រាបជូន នូវកិច្ចការមួយចំនួនដែលក្រសួងមហាផ្ទៃ បាននិងកំពុងអនុវត្ត ដែលក្នុងនោះរួមមាន ការងារកំណែទម្រង់នគរបាលជាតិ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច បន្តថាកិច្ចការទាំងពីរនេះក្រសួងមហាផ្ទៃ កំពុងអនុវត្តទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះ ហើយថានៅឆ្នាំ២០២២នេះ ក៏ជាឆ្នាំមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ដោយសារជាឆ្នាំត្រូវដំណើរការ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្ស ឃុំ សង្កាត់ អាណត្តិទី៥ និងក៏ជាឆ្នាំដែលកម្ពុជា ទទួលធ្វើជាប្រធានប្ដូរវេនអាស៊ានផងដែរ។

សម្ដេចបានបន្តបញ្ជាក់ថា តួនាទីជាប្រធានអាស៊ាន គឺជាតួនាទីមួយដ៏មានសារៈសំខាន់ និងក៏ជាកិច្ចការមួយដែលត្រូវតែបន្តខិតខំសម្រេបសម្រួល និងដោះស្រាយ ហើយថានេះ ក៏ជាឱកាសផងដែរសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ សម្ដេច ក៏មានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម សម្ដេចជឿជាក់ថាកម្ពុជា និងនេប៉ាល់នឹងមានកិច្ចសហប្រតិបត្តិការសំខាន់ៗបន្ថែមទៀត ដែលបំរើផលប្រយោជន៍ទៅវិញមករវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែករឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀតសម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តម ឯកគ្គរដ្ឋទូតនេប៉ាល់ បានថ្លែងអំណរគុណ និងសម្ដែងការឯកភាព ចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម ទៅលើទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ កម្ពុជា នេប៉ាល់ ដោយឯកឧត្តម បានជម្រាបជូនសម្ដេច ថាជាការពិតកន្លងមក តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរពិតជាបានឈាន ទៅចុះហត្ថលេខា សហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសគឺការលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ហើយឯកឧត្តម ក៏សូមសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក៏ដូចជាការលើកឡើង របស់សម្ដេចក្រឡាហោម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើវិស័យ ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ជាមួយនឹងសមភាគីនេប៉ាល់។

ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ដែរថាប្រទេសទាំងពីរកម្ពុជា និងនេប៉ាល់ បានបង្កើតទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លាលើវិស័យសាសនា ដោយសារតែជាប្រទេសប្រកាន់ និងគោរពព្រះពុទ្ធសាសនា ហើយនេប៉ាល់ ក៏ជាប្រទេសដែលពុទ្ធសាសនិកគ្រប់រូប បានដឹងថាទីកន្លែងកំណើតរបស់ព្រះពុទ្ធ ដូច្នេះផ្អែកលើទំនាក់ទំនងក្នុងវិស័យសាសនានេះ ក៏បានរួមចំណែកដល់ការពង្រីក ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែខ្លាំក្លាថែមទៀត។

ឯកឧត្តម ក៏បានយកឱកាសនេះជំនួបនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្ដេចក្រឡាហោម ដែលកន្លងមក បានជួយសម្រួលដល់ជនជាតិ ជាពលរដ្ឋនេប៉ាល់ ដែលជាប់គាំងនៅកម្ពុជា ក្នុងរយៈពេលកូវីដ-១៩ និងបានថ្លែងអំណរគុណ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយផ្នែកបរិក្ខារសុខាភិបាល ជូនដល់ប្រទេនេប៉ាល់ នៅពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ផងដែរ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃ គឺមានភារកិច្ចក្នុងការជួយដោះស្រាយ នូវបញ្ហានានារបស់ជនបរទេស ពិសេសក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩នេះ ដោយសម្ដេច បានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជា មិនមែនត្រឹមតែបានជួយសម្រួលដល់ជនបរទេសជាច្រើន ដែលជួបបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងអន្តោប្រវេសន៍ ក្នុងស្ថានភាពកូវីដ-១៩នោះទេ ប៉ុន្តែថែមទាំងបានចេញគោលការផ្ដល់នូវវ៉ាក់សាំង ដល់ជនបរទេសគ្រប់រូប ដែលស្នាក់នៅកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ជូនចំពោះសម្ដេចក្រឡាហោម និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយគាំទ្រ និងដោះស្រាយការលំបាកផ្សេងៗ ជូនពលរដ្ឋនេប៉ាល់ នៅកម្ពុជា និងបានអបអរសាទរ ជាមួយនឹងការជូនពរកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងការជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត សូមទទួលបានជោគជ័យ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម និងបន្តរួមចំណែកលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា នេប៉ាល់ ឱ្យកាន់តែទូលំទូលាយថែមទៀត ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×