Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ កងរាជអាវុធហត្ថ​មាន​តួនាទី​ជា​កម្លាំង​ទៅ​ជួយ​អន្តរក្រសួង​តាម​ការស្នើសុំ​

កំពង់ស្ពឺ​ ៖ កងរាជអាវុធហត្ថ មាន​តួនាទី ភារកិច្ច ជា​ប៉ូលិស​រដ្ឋបាល ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ជា​តម្រួតយោធា និង​ផ្តល់​កម្លាំង​ទៅ​ជួយ​អន្តរក្រសួង​តាម​ការស្នើសុំ និង​មាន​តួនាទី​ភារកិច្ច​ក្នុង​ការថែរក្សា និង​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ផ្សព្វផ្សាយ ការងារ​អប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាស​១ ឆ្នាំ​២០១៨ ដល់​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ ។​

​ការផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ​នេះ​មាន រយៈពេល​ពេញ​មួយថ្ងៃ ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ មេបញ្ជាការរង និង​នាយទាហាន នាយទាហានរង សរុប ១៩៨ នាក់​។​

លោក​ឧត្តមសេនីយ៍ បានលើកឡើង​ពី​សភាព​វិវត្តន៍​ថ្មីៗ សភាព​ការ​ជាតិ សភាពការណ៍​អន្តរជាតិ ពី​ច្បាប់​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា នីតិវិធី​នៃ​ដំណើរការ​បោះឆ្នោត ក្រមសីលធម៌ ច្បាប់​ស្តីពី​លក្ខ​និ្ត​កៈ និង​បទ​វិន័យ​ទូទៅ​របស់ កងយោធពល​ខេមរភូមិន្ទ និង​ពី​តួនាទី ភារកិច្ច​របស់​កងរាជអាវុធហត្ថ​។​

​លោក​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា ដោយ​មាន​ការអនុញ្ញាត​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តាម​ការស្នើសុំ ពី​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ឱ្យ​រូបលោក​មក​ផ្សព្វផ្សាយ ការងារ​អប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៨ ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ពង្រឹង​នូវ​គោល​ជំហរ ស្មារតី សតិអារម្មណ៍ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ ឱ្យ​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់​នូវ​តួនាទី​ភារកិច្ច និង​បេសកកម្ម​របស់​កងរាជអាវុធហត្ថ ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​។ កងរាជអាវុធហត្ថ​មាន​តួនាទី​ភារកិច្ច​ក្នុង​ការថែរក្សា និង​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​។ កងរាជអាវុធហត្ថ​មាន​តួនាទី ភារកិច្ច ជា​ប៉ូលិស​រដ្ឋបាល ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ជា​តម្រួតយោធា និង​ផ្តល់​កម្លាំង​ទៅ​ជួយ​អន្តរក្រសួង​តាម​ការស្នើសុំ ។​

​លោក​ឧត្តមសេនីយ៍ ក៏បាន​ជំរុញ​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ​ទាំងអស់ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ គោរព​ច្បាប់​ចរាច​រណ៍ គោរព​បទបញ្ជា គោរព​ការចាត់តាំង និង​ត្រូវ​បន្ត​រៀនសូត្រ​បន្ថែម​ពី​ច្បាប់ លក្ខន្តិកៈ​ថ្មីៗ នានា ដើម្បី​បង្កើន​នូវ​ចំណេះដឹង ព្រមទាំង​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​គ្រួសារ​និង​អង្គភាព និង​ត្រូវ​យក​ការផ្សព្វផ្សាយ​នាពេលនេះ ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក​ដែល​មិន​បាន​ចូលរួម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​