ពិតជារឿងដ៏គួរឲ្យអាសូរ និងឈឺចាប់ខ្លាំងណាស់ ចំពោះអ្នកគ្រូវេជ្ជបណ្ឌិតមានរូបឆោមដ៏ស្រស់សោភាម្នាក់ ដែលបានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង នៅពេលដែលអ្នកគ្រូបានដើរឆ្លងផ្លូវជិតផុតទៅហើយ តែជាអកុសលក៏ត្រូវម៉ូតូធំ១គ្រឿងដែលបើកបរក្នុងល្បឿនយ៉ាងលឿនបុកពេញទំហឹងតែម្តង។
តាមសារព័ត៌មានមួយរបស់ថៃ បានចុះផ្សាយឲ្យដឹងថា វេជ្ជបណ្ឌិតរងគ្រោះមានឈ្មោះ Waralak Supawatchariyakul ជាគ្រូពេទ្យឯកទេសជំងឺភ្នែក ជាគ្រូពេទ្យឯកទេសជំងឺភ្នែក នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យជូឡាឡុងកន បានស្លាប់ បន្ទាប់ពីបានត្រូវម៉ូតូធំ១គ្រឿងដែលបើកបរដោយប៉ូលីសវ័យក្មេងម្នាក់ ខណៈនាងកំពុងឆ្លងផ្លូវ។
ចំណែក អ្នកបើកបរបង្កឈ្មោះ Norawit Buadok ដែលត្រូវបានដឹងថាមានតួនាទីជាប្រធានកងអនុសេនាធំទី២ នៅផ្នែកការពារ និងត្រួតពិនិត្យហ្វូងមនុស្ស នៃស្នងការក្រុងបាងកក បានសារភាពថា ខ្លួនពិតជាបានបើកម៉ូតូធំបុកអ្នកគ្រូវេជ្ជបណ្ឌិត Waralak Supawatchariyakul ពិតមែន ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកសេះបង្កង់ ទល់មុខមន្ទីរពេទ្យ Bhumirajanagarindra Kidney Institute ផ្លូវ Phayathai កាលពីវេលាម៉ោងប្រហែល ៣ រសៀល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
តែទោះយ៉ាងណា ប៉ូលីសរូបនេះបាននិយាយចោទប្រកាន់ថា អ្នកគ្រូពេទ្យរូបនោះ បានដើរឆ្លងផ្លូវលឿនណាស់ ហើយគាត់មើលមិនឃើញនោះទេ ខណៈគាត់ក៏រងរបួសដែរ។ ប៉ុន្តែ តាមរយៈវីដេអូកាមេរ៉ា CCTV បានបង្ហាញជាក់ស្តែងថា អ្នកគ្រូពេទ្យ Waralak គឺគាត់បានដើរមួយៗដោយការប្រុងប្រយ័ត្នបំផុត ខណៈរថយន្ត១គ្រឿងត្រូវបានឃើញបង្អង់ល្បឿន ឲ្យគាត់ឆ្លងកាត់ ប៉ុន្តែ ម៉ូតូប៉ូលីសនោះ បែរជាបើកចូលមកទីកន្លែងអ្នកថ្មើរជើង ក្នុងល្បឿនយ៉ាងលឿន ហើយមិនមានការប្រយ័ត្នទៀត ដែលជាហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់បែបនេះតែម្តង។
មានសេចក្តីរាយការណ៍ថា នៅថ្ងៃកើតហេតុនោះ វេជ្ជបណ្ឌិត Waralak បានមកសួរសុខទុក្ខមិត្តភ័ក្តិរបស់នាង នៅមន្ទីរពេទ្យក្រលៀន ចំណែកនាងផ្ទាល់ធ្វើការនៅមន្ទីរពេទ្យ Ramathibodi។ នាងកំពុងធ្វើដំណើរទៅខុនដូរបស់នាងនៅ Soi Rangnam ពេលនោះ នាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អកុសលបែបនេះ ដែលគួរឲ្យស្រណោះសោកស្តាយជាខ្លាំង។
ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក Bowonphob Sunthorn ប្រធានប៉ុស្តិ៍ប៉ូលិស Phayathai បាននិយាយថា លោក Norawit ត្រូវបានចោទប្រកាន់ពីបទបើកបរ ដោយមិនប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់ ហើយក៏បានសារភាពចំពោះរាល់ការចោទប្រកាន់របស់ខ្លួនផងដែរ។
ដោយឡែក ឪពុករបស់នាងវិញ បានត្រូវបានដឹងថា គាត់កំពុងខូចចិត្តយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតកូនស្រីរបស់គាត់ ព្រោះគាត់ទើបតែចូលនិវត្តន៍ពីអាជីពពេទ្យ ហើយមានសង្ឃឹមយ៉ាងខ្ពស់ថា កូនស្រីនឹងស្នងដើរតាមគន្លងរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















