ប៉ូលិសម្នាក់ដែលបានជិះម៉ូតូធំបុកអ្នកគ្រូពេទ្យម្នាក់នៅផ្លូវថ្មើរជើងផាយ៉ាថៃ ខណៈនាងកំពុងដើរឆ្លងផ្លូវកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បណ្ដាលឲ្យបាត់បង់ជីវិតគួរឲ្យអាសូរ ត្រូវប្រឈមនឹងការចោទប្រកាន់ធ្ងន់ធ្ងរ ៧ ករណី។
ក្នុងនោះ ការចោទប្រកាន់ប្រឆាំងលោក Norawit Buadok មានដូចខាងក្រោម៖
– បើកបរមិនប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ។
– ប្រើប្រាស់យានយន្តគ្មានស្លាកលេខ។
– បើកបរមិនគោរពតាមគំនូសសញ្ញានៅលើផ្លូវ ដោយមិនឈប់ដើម្បីឲ្យមនុស្សឆ្លងកាត់ផ្លូវនោះទេ។
– ជិះម៉ូតូធំមិនទៅរកគន្លងជិតចិញ្ចើមផ្លូវខាងឆ្វេង។
– ប្រើប្រាស់យានជំនិះដែលមិនបានបង់ពន្ធប្រចាំឆ្នាំ។
– ជិះយានជំនិះមិនគ្រប់លក្ខណៈក្នុងការបើកបរ ព្រោះម៉ូតូមិនមានកញ្ចក់មើលក្រោយ។
ខណៈពេលដែលការធានារ៉ាប់រងកំហិតត្រូវបានទទួលនោះ មិនមានការធានារ៉ាប់រងបន្ថែមទេ។
ឧត្តមសេនីយ៏ទោ Jirasan Kaewsaeng-ek អ្នកនាំពាក្យអគ្គស្នងការក្រុងបាងកក បានបញ្ជាក់ថា ម៉ូតូធំដែលបើកបុកវេជ្ជបណ្ឌិត Waralak Supawatchariyakul ត្រង់ចំណុចផ្លូវបំបែកសេះបង្កង់ ទល់មុខមន្ទីរពេទ្យ Bhumirajanagarindra Kidney Institute វេលាម៉ោងប្រហែល ៣ រសៀល គឺនៅថ្ងៃនោះមិនត្រូវបានរឹងអូសទេ ហើយក៏ជាម៉ូតូមួយតឹករបស់ប៉ូលីសជាប់ចោទខាងលើ ដែលបានទិញនៅថ្ងៃទី១៤ ខែធ្នូ ក្នុងតម្លៃ ១១៣,០០០ បាត (ប្រមាណជាង ៣៤០០ ដុល្លារ)។
លោក Jirasan ក៏បានពន្យល់ឲ្យដឹងផងដែរថា ការពន្យារពេល២ម៉ោង ក្នុងការទាក់ទងទៅសាច់ញាតិរបស់គ្រូពេទ្យរងគ្រោះដែលបានស្លាប់ គឺដោយសារតែប៉ូលីសមិនអាចដោះសោទូរស័ព្ទរបស់នាងបាន គឺទាល់តែមិត្តភ័ក្តិរបស់នាងបានទូរស័ព្ទមក ទើបពួកគេអាចទាក់ទងទៅបងប្រុសរបស់នាងបាន។
ចំណែក Norawit បាននិយាយថា ខ្លួនចង់បួស ដើម្បីឧទ្ទិសកុសលដល់អ្នកគ្រូវេជ្ជបណ្ឌិត Waralak ដែលនាងបានស្លាប់ដោយសារខ្លួនជិះម៉ូតូបុក។ ប៉ុន្តែ ឧត្តមសេនីយ Jirasan បាននិយាយថា វត្តអារាមមិនអាចតែងតាំងបុគ្គលម្នាក់ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌបាននោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














