Wednesday, June 29, 2022

តុលាការកំពូល តម្កល់ទោស បុរសជាប់ចោទគ្រឿងញៀនម្នាក់ ជាប់គុក៥ឆ្នាំ

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា និងតម្កល់ទោសទណ្ឌិតម្នាក់ ជាប់គុកកំណត់ ៥ ឆ្នាំ កាលពីអំឡុងឆ្នាំ ២០១៨ នៅចំណុចភូមិបាវិត ឃុំបាវិតលើ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះមានឈ្មោះ រស់ សម្បត្តិ ហៅ កាត់ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លាងម៉ូតូ ។

ទណ្ឌិតឈ្មោះ រស់ សម្បត្តិ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ១៣ ខែ កុម្ភៈឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ១០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ តែបានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ទណ្ឌិតឈ្មោះ រស់ សម្បត្តិ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៨ នៅភូមិបាវិត ឃុំបាវិតលើ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ចំនួន ៩ បព្ចាប់ ទម្ងន់ ៤៣, ៩១ ក្រាម ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា