ប្រិយមិត្ត និងមហាជនបានស្គាល់រួចមកហើយ អតីតតារាសម្តែងប្រុសលោក ស៊ុក សុភា បើទោះជាបាត់មុខពីវិស័យសិល្បៈទាំងស្រុង ដោយសារតែលោកបានរៀបការ និងទៅសាងអនាគតគ្រួសារ នៅលើទឹកដីប្រទេសអូស្រ្តាលី អស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីដដែល។
តែទោះយ៉ាងណា មួយរយៈពេលចុងក្រោយនេះ លោក សុ៊ក សុភា ខណៈត្រូវបានឃើញតែងតែបង្ហាញពីជីវិតគ្រួសារពោរពេញទៅដោយសុភមង្គល បង្ហោះនៅលើបណ្តាញសង្គមសុខៗ ស្រាប់តែភរិយារបស់លោក បានប្រកាសពីការចែកផ្លូវគ្នាជាសាធារណៈ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ។ ហើយពិតណាស់ បន្ទាប់ពីផ្ទុះរឿងរ៉ាវបែកបាក់ជីវិតប្តីប្រពន្ធរួចមក គេក៏បានឃើញអតីតារាសម្តែងរូបស្រស់សង្ហារូបនេះ បានហោះចាកចេញពីប្រទេសអូស្រ្តាលី និងបច្ចុប្បន្ន លោកកំពុងបន្តរស់នៅស្រុកខ្មែរ ជួបជុំក្រុមគ្រួសារ បងប្អូនសាច់ញាតិ យ៉ាងរីករាយ។
តែដោយឡែក ថ្មីៗនេះ មហាជន និងក៏ដូចហ្វេនៗ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកំពុងមានវត្តមាននៅស្រុកខ្មែរមិនបានប៉ុន្មានផង លោកក៏បានបើកភោជនីយដ្ឋានមួយយ៉ាងធំ និងថែមទាំងសូមឲ្យបងប្អូនជួយគាំទ្រទៀតផង។
ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នា កាន់តែចាប់អារម្មណ៍ជាងនេះទៀតនោះ គឺបន្ទាប់ថ្មីៗនេះ អតីតតារាសម្តែងលោក ស៊ុក សុភា ស្រាប់តែចាប់ផ្តើម Live វីដេអូបើកឡាន ឆ្លៀតបង្ហាញឲ្យឃើញឯកសណ្ឋានមន្រ្តីរាជការ ព្យួរកៅអីក្រោយខ្នងលោកយ៉ាងសង្ហារ។ ហើយឯកសណ្ឋាននោះផងដែរ ក៏បង្ហាញឲ្យឃើញថាជាឯកសណ្ឋានមានឋានៈជាវីរសេនីយ៍ឯក ពាក់ស័ក្ត៥ តែម្តង។
ដោយឡែក អ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញបែបនេះ ក៏បានលាន់មាត់ភ្ញាក់ផ្អើលថា៖ «ចុមមើលអាវមានស័ក្តក្រោយខ្នងផង, ចូលធ្វេីទាហានយូរនៅ សុភា?,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









