ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តដល់និស្សិតទាំងអស់បន្តការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសអភិវឌ្ឍន៍ចំណេះដឹង ចំណេះធ្វើ និងជំនាញផ្សេងៗដើម្បីទទួលបាននូវការងារល្អៗនាពេលខាងមុខ។
នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។ នេះជាលើកទី១៥ហើយដែល សម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រដល់សាកលវិទ្យល័យ ធនធានមនុស្ស។
ចំពោះព្រឹត្តិការណ៍អន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍និងចូលរួមអបអរសាទរ ចំពោះជំនួបរវាងប្រទេសកូរ៉េខាងត្បូង និងខាងជើង ដែលបានឈានដល់ដំណាក់កាលជួបពិភាក្សាគ្នានិងឈានទៅដល់កិច្ចព្រមព្រៀងរួមគ្នាក្នងការបញ្ឈប់សង្គ្រាមនុយក្លេអ៊ែរ ដែលកន្លងមកតែងតែមានការប្រឈមមុខដាក់គ្នា។ ការសម្របសម្រួលគ្នារវាងប្រទេសកូរ៉េទាំងពីរនេះក៏បានជះឥទ្ធិពលដល់ប្រទេសជិតខាងផងដែរ កុំអោយមានការព្រួយបារម្មណ៍ ជាពិសេសប្រទេសកម្ពុជាក៏មានពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងច្រើន។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរចំពោះខួបលើកទី ១៩ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ -៣០ មេសា ២០១៨)។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយសហគមន៍អាស៊ាន។ ទន្តឹមនឹងនេះ គឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានចំនួន២លើករួចមកហើយ គឺនៅឆ្នាំ ២០០២ និងឆ្នាំ២០១២។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់សារជាថ្មីឡើងវិញផងដែរ ថាមានកត្តា៤យ៉ាងដែលកម្ពុជា សម្រេចចិត្តចូលជាសមាជិកអាស៊ាន ទាំងនោះរួមមាន៖ ១)ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកណាមួយ។ ២) ធ្វើការតាមកុងសង់ស៊ីស តាមរយៈស្មារតីសហគមន៍ គឺសិទ្ធិស្មើគ្នា មិនថាប្រទេសតូចធំមានឬក្រទេ ។ ៣) ឱកាសនៃសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងប្រទេសអាស៊ាន។ ៤) បើកទូលាយនូវច្រកទ្វាចេញការទូតរបស់កម្ពុជា ជាមយយអាស៊ាន និងដៃគូដែលធ្វើយើងកាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ ហើយការសិក្សាគឺនឹងបន្តធ្វើអស់មួយជីវិត៕ ដោយ៖បញ្ញាស័ក្តិ