ជឿជាក់ថា ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ដែលថ្មីៗនេះ អតីតារាសម្តែងលោក ស៊ុក សុភា បានធ្វើឲ្យហ្វេន និងមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ខ្លាំងតែម្តង នៅពេលឃើញរូបលោក Live វីដេអូបើកឡាន បញ្ចេញឲ្យឃើញឯកសណ្ឋានមន្រ្តីយោធាព្យួរកៅអីក្រោយខ្នង និងពិតជាមិនធម្មតានោះទេ ព្រោះថានោះជាឯកសណ្ឋានមានឋានន្តរៈស័ក្តស័ក្ត៥ ទៀតផង។
ពិតណាស់ នៅក្នុងអំឡុងពេលបើកឡានក្នុងទីក្រុងភ្នំពេញ ទៅជួបគេណាត់ ខណៈចរាចរណ៍កំពុងកកស្ទះខ្លាំង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក ស៊ុក សុភា បានឆ្លើយតបទៅនឹងអ្នកខមិនសួរបែបនេះថា ខ្លួនពុំមានអង្គភាពស្អីនឹងគេនោះទេ។
យ៉ាងណាមិញ ដើម្បីឲ្យកាន់តែច្បាស់ជុំវិញព័ត៌មានដ៏គួរឲ្យអស់សំណើចនេះ អតីតតារាសម្តែងប្រុសលោក ស៊ុក សុភា ក៏បានបញ្ជាក់ប្រាប់តាមរយៈសារព័ត៌មានក្នុងស្រុកមួួយថា តាមការពិតទៅ រូបលោកមិនមែនជាមន្ត្រីយោធាអ្វីនោះទេ ព្រោះថារាល់ថ្ងៃនេះ លោកក៏មិនមានឋានៈបុណ្យស័ក្តនោះអ្វីដែរ។ ដោយឡែកចំពោះឯកសណ្ឋានមន្ត្រីយោធា ដែលធ្វើឲ្យបងប្អូនយល់ច្រឡំ និងសូម្បីតែរថយន្តដែលលោកជិះនោះ គឺជាកម្មសិទ្ធិរបស់មិត្តភក្តិលោកប៉ុណ្ណោះ។
ដោយឡែក ទាក់ទងសំណួរគេសួរថា តើរឿងគ្រួសារយ៉ាងម៉េចហើយ និងវិលត្រឡប់ទៅប្រទេសអូស្រ្តាលីវិញពេលណា លោកក៏បានឆ្លើយក្នុងការ Live បែបនេះថា ឆ្ងល់ដែរ សួរនាំដេញច្រើនម្ល៉េះ អ្នកកាសែតមែន!? រឿងគ្រួសារកូនចៅគេៗ ចេះដោះស្រាយហើយ ដឹងត្រឹមសុខទុក្ខបានហើយ។ បន្ទាប់មក លោកក៏បានប្រាប់យ៉ាងខ្លីថា រឿងវិលទៅអូស្រ្តាលីវិញ នឹងហោះទៅវិញឆាប់ៗ ព្រោះប្រពន្ធកូនកំពុងនឹកលោកខ្លាំង…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






