ប្រិយមិត្ត និងអ្នក Idol ជាច្រើនបានស្គាល់ច្បាស់ហើយ សេ្តចគុនកុងហ្វូកុងហុង លោក លី សៀវឡុង ជាអ្នកលេងក្បាច់ដ៏អស្ចារ្យគ្មានគូប្រៀបនៅលើលោក ដែលបានស្លាប់បាត់បង់ជីវិតច្រើនទសវត្សរ៍មកហើយ ជាមួយមូលហេតុដែលត្រូវបានគេលាតត្រដាងយ៉ាងស្រពិចស្រពិល។ ហើយពិតណាស់ មរណៈភាពរបស់លោក គឺបានបន្យល់ទុកការស្រណោះអាល័យ និងការសោកស្តាយយ៉ាងខ្លាំងបំផុត ពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក រហូតមកដល់ពេលនេះ។
តែដោយឡែក រូបភាពដ៏កម្រមួយសន្លឹក ដែលត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកឲ្យឃើញថ្មីៗនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងតែម្តង ខណៈបានឃើញកំពូលៗអ្នកលេងក្បាច់គុនជំនាន់ៗលោក និងជំនាន់ក្រោយ បានទៅសម្តែងការគោរពនៅចំពោះផ្នូររបស់លោក។
បើតាមផេក Happy Fighters បានឲ្យដឹងថា នេះជារូបភាពសម្តែងការគោរព ពីសំណាក់លោក Sammo Hung (ហៅអាម៉ាប់), Jackie Chan (ឈិន ឡុង), Jet Li (លី លីនជា), Wu Jing (វូ ជីង), Donnie Yen (កុំកុំ) និងតារាសម្តែងថៃ (កែងឆេះជង្គង់ហោះ) លោក Tony Jaa។
ប្រភពខាងលើ ក៏បានបញ្ជាក់ថា តារាក្បាច់គុនលំដាប់កំពូលទាំង៦ខាងលើ បានទៅគោរពផ្នូរ និងរូបសំណាករបស់ លី សៀវឡុង ស្ថិតនៅទីបញ្ចុះសព Lake View Cemetery (Seattle) ក្នុងទីក្រុងហុងកុង កាលពីពេលកន្លងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

























