Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន ដាក់ចេញ នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន១០ចំណុច សម្រាប់ក្រសួងសាធារណការ បន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

spot_img

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន១០ចំណុច សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២នេះ ដូចជា ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះមានជាអាទិ៍៖ សហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់នូវផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីកកម្ពុជា ជំរុញការសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន សំដៅសម្រួលពាណិជ្ជកម្ម និងទេសចរឆ្លងកាត់ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកថៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀង និងព្រៃវល្លឺ-ប៊ិញហៀប និងបណ្តាផ្លូវសំខាន់ៗឱ្យចប់សព្វគ្រប់។ បន្តស្តារ និងពង្រឹងគុណភាពផ្លូវជាតិសំខាន់ៗ។

ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការ ក្រសួង។

អនុសាសន៍ណែនាំសំខាន់ទាំង១០ចំណុច របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រួមមាន៖

១) ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះមានជាអាទិ៍៖ សហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់នូវផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីកកម្ពុជា ជំរុញការសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន សំដៅសម្រួលពាណិជ្ជកម្ម និងទេសចរឆ្លងកាត់ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកថៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀង និងព្រៃវល្លឺ-ប៊ិញហៀប និងបណ្តាផ្លូវសំខាន់ៗឱ្យចប់សព្វគ្រប់។ បន្តស្តារ និងពង្រឹងគុណភាពផ្លូវជាតិសំខាន់ៗដូចជា៖ ធ្វើឱ្យប្រសើរ ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១, ផ្លូវលេខ៣៣, ផ្លូវលេខ៤១, ផ្លូវលេខ ៤៨, ផ្លូវលេខ ៥០ (កំពង់ឆ្នាំង-កំពង់ធំ), ផ្លូវលេខ ៥០សេ (ផ្សារក្រោមនៃផ្លូវជាតិលេខ៥ ទៅភូមិរការនៃផ្លូវជាតិលេខ ៦), ផ្លូវលេខ ៧១ សេ (ក្រុងសួង-ចំការលើ), ផ្លូវជាតិលេខ៧ ស្តន់-កំពង់ចាម, ផ្លូវកំពង់ចាម-ត្រពាំងផ្លុង, ផ្លូវតភ្ជាប់បាត់ដំបង-សៀមរាប និង ផែនការសកម្មភាពដទៃទៀត។

២) បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់មានជាអាទិ៍៖ គម្រោងផ្លូវក្រវាត់ក្រុងទី៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) និង (ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ ២ និងលេខ២២, គម្រោងកំណាត់ផ្លូវជាតិលេខ ៧ (ត្បូងឃ្មុំ-ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត។ បន្តផ្តោតការយកចិត្តទុកដាក់លើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដោយត្រូវទទួលយកតែគម្រោងណា ដែលបានសាងសង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស។

៣) បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងផ្លូវទឹក និងបន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីទឹក កខ្វក់ និងប្រព័ន្ធលូ រួមទាំងបទដ្ឋានបច្ចេកទេសក្នុងការសាងសង់, ជួសជុលថែទាំ និងប្រតិបត្តិការទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងបន្តជំរុញបញ្ចប់ ការតភ្ជាប់តំណប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ពីលំនៅឋានប្រជាជន និងទីតាំងអាជីវកម្មមកកាន់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងសាធារណៈ។ ត្រូវបន្តកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗ និងផ្លូវក្នុងទីប្រជុំជនពិសេស ការរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយចម្រុះទឹកកខ្វក់ ទីលានកប់កាកសំណល់ និងសំរាមនៅបណ្តាខេត្តសំខាន់ៗ និងតាមតំបន់មាត់សមុទ្រ។

៤) តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, បន្តជំរុញការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដែលមានស្រាប់សំដៅឱ្យក្លាយទៅជាផ្លូវ ដែកល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប និង បន្តឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមព្រមទាំងជំរុញដំណើរការស្តារ និង លើកកម្រិតសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែកឱ្យមានចលនារស់រវើក និងប្រកបដោយប្រសិទ្ធភាព។

៥) បន្តជំរុញបញ្ចប់ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក និងចំណុចឆ្លងកាត់រវាងផ្លូវដែក និងផ្លូវថ្នល់ ដើម្បីគ្រប់គ្រងដីចំណីផ្លូវដែកឱ្យមានប្រសិទ្ធភាព និង បញ្ចៀសការទន្ទ្រានកាន់កាប់នានា និងបន្តសហការជាមួយក្រសួងរៀបចំដែនដី, នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការចុះបញ្ជីដីកម្មសិទ្ធិស្ថានីយរថភ្លើងដែល នៅសេសសល់។

៦) បន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែឱ្យកាន់តែល្អប្រសើរឡើង រួមទាំងបន្តជំរុញបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត គណៈកម្មាធិការជាតិ ឆ្លើយតបនឹងការកំពប់ប្រេងផងដែរ។

៧) បន្តយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃ និងបន្តជំរុញការអភិវឌ្ឍកម្មវិធី (APP) តាមដានគ្រប់គ្រងព័ត៌មាន, ប្រវត្តិមធ្យោបាយ, វឌ្ឍនភាព និងការវាយតម្លៃលើការអនុវត្តគម្រោងចាប់តាំងពីពេល បើកការដ្ឋានសាងសង់រហូតដល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

៨) ខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការរៀបចំគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីក ដែលជាតម្រូវការទៅតាមលក្ខខណ្ឌនៃសកលភាវូបនីយកម្ម និងសមាហរណកម្មផ្ទៃក្នុងប្រទេស និង ក្នុងតំបន់។

៩) បន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សថ្នាក់ឧត្តមសិក្សា និងវគ្គជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីកតាមរយៈវិទ្យា ស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាដើម។

១០) បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាឱ្យបានល្អប្រសើរជូនប្រជាជន និងរុញសេវាសាធារណៈឱ្យកាន់តែខិតទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញនិង អនុវត្តប្រព័ន្ធស្វ័យ-ប្រវត្តិកម្មសម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានបន្ថែមថាក្នុងបរិការណ៍ដែលកម្ពុជា និងបណ្តាប្រទេសនៅជុំវិញសកលលោក បាននិងកំពុងបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលពិតជាមានតម្រូវការចាំបាច់ក្នុងការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធទន់ និងវិស័យឡូជីស្ទីក ដើម្បីចូលរួមកាត់បន្ថយថ្លៃដើម សំដៅធានាឱ្យបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ, ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក, ចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច និងចាប់យកកាលានុវត្តថ្មីៗ ដែលកើតចេញពីនិន្នាការបច្ចុប្បន្ន ដូចជាការបំលាស់ទីតាំងរោងចក្រពីប្រទេសនៅក្នុងតំបន់ជាដើម។

លោកបានបន្ថែមថា បើទោះបីជាកម្ពុជាសម្រេចបានវឌ្ឍនភាពល្អប្រសើរមួយចំនួនក៏ដោយ តែវិបត្តិនៃជំងឺកូវីដ១៩ បានបង្អាក់ដំណើរការការងារសំខាន់ៗខ្លះពិសេសបាន ធ្វើឱ្យគម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុកក៏ដោយ សូមក្រសួងសាធារណការ ខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារ មួយចំនួនទៀត ដែលមានសារៈសំខាន់ ជាយុទ្ធសាស្រ្តសម្រាប់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យចប់សព្វគ្រប់និងទាន់ពេល។

ជាមួយនោះលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានគាំទ្រពេញទំហឹងចំពោះទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបង្ហាញជំនឿយ៉ាងមុតមាំថា ជាមួយនឹងស្មារតីទទួលខុសត្រូវរួមគ្នា និងភាពជាធ្លុងមួយក្នុងការបំពេញការងាររបស់ថ្នាក់-ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង សាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងបុរេសកម្មរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទិសដៅការងារសម្រាប់ឆ្នាំ២០២២ នេះនឹងទទួលបានលទ្ធផលគួរជាទីមោទនៈផងដែរ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពី លទ្ធផលនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និង ដំណោះស្រាយ ដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍នៃសន្និបាតដែលបានប្រព្រឹត្តទៅអស់ពេល រយៈ២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៨ ខែមករា ឆ្នាំ២០២២ និងលទ្ធផលសំខាន់ៗសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូនក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដូចតទៅ៖ ការងារដឹក ជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង រដ្ឋបាលកំពង់ផែ ការងារផ្លូវដែក ការងារភស្តុភារកម្ម ការងារផ្លូវថ្នល់និងគ្រប់គ្រងបច្ចេកទេស ការកសាង ផ្លូវល្បឿនលឿន (Expressway) និងផ្លូវក្រវាត់ក្រុង។

ទាក់ទងនឹងគម្រោងសាងសង់បណ្តាញផ្លូវជាតិសំខាន់ៗ ដែលកំពុងដំណើរការសាងសង់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោង ហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសជប៉ុន គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយ ប្រទេសកូរ៉េខាងត្បូង គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារពិភពលោក (WB) និងគម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយប្រទេសថៃ។

ទាក់ទងនឹងការសាងសង់ស្ពានធំៗ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ការសាងសង់ ស្ពានឆ្លងទន្លេមេគង្គ ស្ពានភ្ជាប់និស្ស័យ(ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង១ ១៣១ ម៉ែត្រ ការបញ្ចប់ការសាងសង់ ស្ពានចំនួន០៧កន្លែង ក្នុងនោះ៖ ផ្លូវជាតិលេខ៧៣ ចំនួន០៥កន្លែង ក្នុងខេត្តក្រចេះ និងផ្លូវជាតិលេខ១១ ចំនួន០២កន្លែង ក្នុងខេត្តព្រៃវែង (ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន)។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីគម្រោងត្រៀមសម្ពោធបើកការដ្ឋានសាងសង់ដូចជា៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយប្រទេសជប៉ុន គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសកូរ៉េ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យន្តការត្រួតពិនិត្យ ការបំពាក់គ្រឿងចក្រ និងសម្ភារៈបច្ចេកទេស និងការងារគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ការងារវិមជ្ឈការនិងវិសហមជ្ឈការ ការសាងសង់អគាររដ្ឋបាលថ្មី នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ការងារបណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ការងារអភិវឌ្ឍកម្មវិធីព័ត៌ មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ ការងារផលិត ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិ ការអន្តរជាតិផងដែរ។

ដោយឡែក ទាក់ទងនឹងទិសដៅការងារអនុវត្តន៍ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងអង្គសន្និបាតអំពីការងារត្រៀមនិងអនុវត្តបន្តសម្រាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាព ចរាចរណ៍ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរួមមានការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងរដ្ឋ បាលកំពង់ផែ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ ការងារត្រៀម រៀបចំបន្តក្នុងវិស័យភស្តុភារកម្ម ការងារត្រៀមរៀបចំបន្តសម្រាប់វិស័យទឹកកខ្វក់ ការត្រៀមអនុវត្តបន្ត សម្រាប់ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត ការងារត្រៀមអនុវត្តបន្តសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល ការងារត្រៀមអនុវត្តបន្តសម្រាប់ការងារបច្ចេក វិទ្យាព័ត៌មាន(IT) និងទំនាក់ទំនងសាធារណៈ(PR) និងការងារត្រៀមអនុវត្តបន្តសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមចំពោះមុខរបស់ក្រសួងផងដែរ ដែលក្នុងនោះរួមមាន៖ បញ្ហាខ្វះមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា(IT) ដើម្បីឆ្លើយតបទៅនឹងតម្រូវការអនុវត្ត ការងារធ្វើសវនកម្មផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT Audit) នៅតាមនាយកដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ ហិរញ្ញប្បទានមានកម្រិតសម្រាប់ការគាំទ្រ(ផ្នែកទន់) និងការកសាងសមត្ថភាពមន្រ្តី ក្នុងដំណើរការអនុវត្ត និងកសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងការចូលរួម កសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះផងដែរ ថ្លែងក្នុងពិធីបិទសន្និបាតនាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំនូវ សន្និបាតនេះឡើង ជាវេទិកាមួយមិនត្រឹមតែសម្រាប់បូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានក្នុងឆ្នាំ២០២១ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាស មួយសម្រាប់កំណត់ ទិសដៅ និងផែនការការងារក្នុងរយៈពេលមួយឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃអាណត្តិរដ្ឋសភាជាតិ ដើម្បីសម្រេចបាននូវ គោលដៅនៃវិស័យសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានសម្តែងនូវមោទនភាពផងដែរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលបានលេចចេញជារូបរាងឡើង នៅក្នុងវិស័យសាធារណការដឹកជញ្ជូន និងភស្តុភារកម្ម និងបានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឯកឧត្តម និងលោកជំទាវជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតី នៅក្នុងឆ្នាំ២០២១កន្លងទៅ។

ជាងនេះទៅទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងនូវវិធានការមួយចំនួនរួមមាន៖ ជំរុញការរៀបចំបញ្ចប់ និងអនុម័តផែនការមេតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនពហុមធ្យាបាយ និងភស្តុភារកម្មជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខិតខំជំរុញបន្តក្នុង ការរៀបចំគោលនយោបាយ និងផែនការសកម្មភាពក្នុងការអនុវត្តការប្រើប្រាស់យានយន្តអគ្គិសនី បន្តកិច្ច សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅជំរុញការកសាង និងការអនុវត្តផែនការមេ អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធបណ្តាញលូ ការសាងសង់ស្ថានីយចម្រោះនិង/ឬប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានកប់កាក សំណល់ ភក់ និងសម្រាម រៀបចំនិយាមការបច្ចេកទេសសម្រាប់គ្រប់ប្រភេទផ្លូវថ្នល់ និងផ្លូវដែកឱ្យបាន ច្បាស់លាស់ បន្តយកចិត្តទុកដាក់ និងជំរុញការកសាងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក្នុងទីក្រុងនៅតាម រាជធានី-ខេត្ត ក្រុង-ស្រុក និងទីប្រជុំជនធំៗ បន្តយកចិត្តទុកដាក់ខ្ពស់ផ្តល់សេវាឱ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋ និងរុញសេវាឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋ និងវិធានការណែនាំជាច្រើនទៀតផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×