ប្រិយមិត្តជាច្រើនប្រាកដណាស់ បានស្គាល់រួចហើយ ពីតារាចម្រៀងរ៉េប នេន ទុំ ដែលលោកគឺជាតារាចម្រៀងចាស់វស្សាមួយរូប ចូលចិត្តច្រៀងរ៉េបបទថ្មីៗលាយឡំ សម័យនិងបុរាណ ដែលធ្វើឲ្យមហាជនមិនថាក្មេងឬចាស់ ចូលចិត្តស្តាប់រាល់បទចម្រៀងរបស់លោកជាខ្លាំង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក នេន ទុំ បានបញ្ចេញបទចម្រៀងរ៉េបថ្មីមួយបទដែលមានចំណងជើងថា «សាសន៍អី ក៏បងស្នេហ៍» ដែលជាបទសម័យបុរាណ ជាមួយបទភ្លេង Mix ជាមួយឧបករណ៍ភ្លេងខ្មែរ ឃើញថាពិរោះ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងចែករំលែកចែកគ្នាស្តាប់ព្រោងព្រាតតែម្តង។
ដោយឡែក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ នេន ទុំ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងតែម្តង ខណៈលោក និងមិត្តមិត្ត កំពុងបើកឡានធ្វើដំណើរតាមផ្លូវ ក៏ប្រទះឃើញនារីស្រុកស្រែម្នាក់ជាអ្នកលក់លៀសហាល មានរូបឆោមស្រស់ស្អាតសាច់ខ្ចីញ៉ិញ ដល់ថ្នាក់ធ្វើឲ្យលោកដាច់ចិត្តឈប់រថយន្ត ហើយបើកទ្វារឡានមិនទាន់ ក៏លាន់មាត់សរសើរភ្លាមៗថា ចុម ស្អាតហ្មេស! អូនឯងលក់លៀសហាលមែន អូយស្អាតម្ល៉េះទេលោកអើយ! អូនហើយអូន អូនឯងមិនសមលក់លៀសសោះ សមអ្នកលក់កាបូប ឬលក់ផ្លាទីនអីហ្នឹងបានសម…។
ទន្ទឹមនឹងនោះផងដែរ ព្រោះតែពេញចិត្តខ្លាំងនឹងសម្រស់នារីជនដែលមានឈ្មោះថា ស្រីណែត លោក នេន ទុំ ក៏ចុះពីរថយន្ត រួចសុំនាងថតច្រៀងបទ សាសន៍អី ក៏បងស្នេហ៍ ធ្វើឲ្យអ្នកនាងអៀនខ្លាំងតែម្តង ខណៈអ្នកភូមិជិតខាងក៏បានចេញមកចោមរោមមើលព្រោងព្រាត និងស្វាមគមន៍រាក់ទាក់លោកយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








