ប្រិយមិត្តទស្សនិកជនជាអ្នកតាមដានខ្សែភាពយន្តកុងហុង ពិសេសវ័យជាង ៣០ ឡើង បានស្គាល់រួចហើយ ពីតារាសម្តែងក្បាច់គុនកុងហ្វូគ្មានគូប្រៀបនៅលើលោក លី សៀវឡុង ដែលបានស្លាប់បាត់បង់ជីវិតទាំងនៅវ័យក្មេង ពីមូលហេតុដ៏ស្រពិចស្រពិលបំផុត បន្ទាប់ពីលោកបានថតកុនល្បីៗបាន ១០, ២០ រឿងប៉ុណ្ណោះ។
ដោយឡែក មួយរយៈចុងក្រោយនេះ នៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង ខណៈគេបានផុសរូបថតដ៏ស្រស់សង្ហា និងពិសេស គឺរូបបញ្ចេញសាច់ដុំដ៏មហិមារបស់លោក ធ្វើឲ្យអ្នកលេងបណ្តាញសង្គមយុវជនជំនាន់ក្រោយៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
ពិតណាស់ ក្នុងការសម្តែងភាពយន្តរឿងដំណើរឆ្លងដែន លោក លី សៀវឡុង បានបញ្ចេញសាច់ដុំដាក់គូប្រយុទ្ធដ៏មហាអស្ចារ្យ ដើម្បីការពារថៅកែហាងរបស់ខ្លួន ប្រៀបដូចពស់បើកវែកអុីចឹង ដែលធ្វើឲ្យអ្នកទស្សនាឃើញលាន់មាត់សរសើរមិនដាច់ពីមាត់នោះទេ។
ជាក់ស្តែង អ្នកលេងបណ្តាញសង្គម នាពេលនេះ ក្រោយពីបានឃើញរូបថតនេះរបស់លោក បាន Comment និយាយការពិតថា សូម្បីតែក្នុងការប្រកួតសាច់ដុំបច្ចុប្បន្ន ក៏គ្មានអ្នកណាម្នាក់អាចយកប្រៀបលើមនុស្សដ៏អច្ឆរិយៈលើលោក លី សៀវឡុង បានឡើយ និយាយរួមទៅ គឺមានតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








