នៅព្រឹកថ្ងៃអង្គារ៍ ទី១ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ខាងកើតវត្តភ្នំមានកម្មករ កម្មការីនីមកចូលរួមកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ខួបលើកទី១៣២ ឆ្នាំ២០១៨ ក្រោមប្រធានបទ” បញ្ហាប្រឈមរបស់កម្មករនិយោជិតក្នុងកាអនុវត្តច្បាប់ ស្ដីពីសហជីព” មានចំនួនជាក់ស្ដែង៥០០នាក់ ដឹកនាំដោយលោកអាត់ ធន់ ប្រធានសហជីពស៊ីខៅឌូ ។
កម្មករកម្មការីនីទាំងនោះមកពីតំបន់ព្រៃទារ ចក្ររ៉ែ ឫស្សីកែវ ស្រុកស្អាងខេត្តកណ្ដាល កាណាឌីយ៉ាផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ រោងចក្រ ហ្គោវ័ន្ត ចក្ររ៉ែក្រោម និងរោងចក្រ ជូស៊ីង នៅបាក់ខែង ខណ្ឌជ្រោយចង្វា ជាដើម មានទង់ជាតិខ្មែរ៥០០ដើម បដាចំនួន៧០ផ្ទាំងតូច បដាធំចំនួន១២ផ្ទាំង ទង់ជាតិសហព័ន្ធចំនួន៧ ដើម មេក្រូធំ៤គ្រឿង ឡានដឹកបដាចំនួន១គ្រឿង មានចែកក្រម៉ាបង់ករចំនួនជាង២០០០ក្រម៉ា មានក្រុមអង្កការ មកឃ្លាំមើល មាន ៖
លីកាដូ
អាដហុក
សមធម៌
មានអ្នសារព័ត៌មានជាតិ អន្តរជាតិ ជាង១០នាក់ ។
លោក អាត់ ធន់ ជាមេដឹកនាំសហជីពម្នាក់ក្នុងចំណោមសហជីពផ្សេងទៀតដែលដឹកនាំរៀបចំពិធីនេះ។ លោក អាត់ ធន់ លើកឡើងថា តំណាងកម្មករ-និយោជិត មកពីច្រើនផ្នែកបង្ហាញពីបញ្ហាប្រឈមរបស់ពួកគេទៅកាន់រដ្ឋាភិបាលដើម្បីជួយដោះស្រាយ ហើយចង់ឃើញប្រមុខរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជាមួយកម្មកររហូត ដោយមិនមែនតែជិតបោះឆ្នោតប៉ុណ្ណោះទេ។លោក អាត់ ធន់ បង្ហាញការសោកស្ដាយចំពោះអាជ្ញាធរដែលមិនអនុញ្ញាតឲ្យពួកគាត់ធ្វើការហែក្បួន។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ការមិនអនុញ្ញាតមិនឲ្យធ្វើការហែក្បួន ដើម្បីកុំមានការកកស្ទះចរាចរណ៍តែប៉ុណ្ណោះ ហើយរដ្ឋបាលរាជធានី បានអនុញ្ញាតឲ្យរៀបចំពិធីនេះនៅទីតាំងដែលស្នើសុំ ប៉ុន្តែពុំមានការដង្ហែរក្បួន ដើម្បីដាក់ញត្តិនៅរដ្ឋសភាជាតិនោះទេ តែដើម្បីដាក់បានយក នឹងសម្របសម្រួលស្នើសុំទៅសភា ដើម្បីចាត់តំណាងសភាមកទទួលញត្តិនៅទីតាំងប្រារព្ធពិធីតែម្ដង។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការរៀបចំកម្មវិធីទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១៣២ ឆ្នាំ២០១៨។ កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលលិខិតស្តីពីការរៀបចំកម្មវិធីទិវាពលកម្មអន្តរជាតិ ១ឧសភា ប្រព្រឹត្តទៅនៅថ្ងៃទី១ខែឧសភាឆ្នាំ២០១៨ របស់តំណាងសហភាពសហព័ន្ធសហជីពនិងសមាគម ដោយជួបជុំគ្នានៅសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានអ្នកចូលរួមប្រមាណជាង២ពាន់នាក់ រួចដង្ហែក្បូនទៅដាក់ញត្តិជូនរដ្ឋសភាជាតិ។ នៅថ្ងៃទី២៧ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញតំណាងសហភាពសហព័ន្ធសហជីព និងសមាគមមកប្រជុំពិភាក្សានៅសាលារាជធានីភ្នំពេញ ។ ក្រោយកិច្ចប្រជុំពិភាក្សារដ្ឋបាលរាជធានីឯកភាពឲ្យតំណាងសហភាពសហព័ន្ធសហជីព និងសមាគមរៀបចំពិធីនេះនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមិនមានការដង្ហែក្បូន ហើយរដ្ឋបាលរាជធានីភ្នំពេញ សម្របសម្រួលស្នើឲ្យគណៈកម្មការទី១ នៃរដ្ឋសភា មកទទួលញត្តិ នៅទីតាំងប្រារព្ធពិធី។
ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលភ្នំពេញអនុញ្ញាតឲ្យសហភាពសហព័ន្ធសហជីពនិងសមាគមរៀបចំពិធីខាងលើនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមិនអនុញ្ញាតឲ្យដង្ហែក្បូនចេញពីទីតាំងណាមួយឡើយ។
ចំណែកនៅព្រឹកថ្ងៃអង្គារទី១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ពិធីជួបជុំ អបអរសាទរថ្ងៃនេះ គឺមានកូនក្មួយ កម្មករ កម្មការិនីចូលរួមប្រមាណ ៥.៥១៥នាក់។ នៅក្នុងពិធីដ៏សប្បាយរីករាយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាច្រើនរូបទៀត នឹងអញ្ជើញចូលរួមពិសាអាហារ និងរាំកម្សាន្តជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីផងដែរ៕ ដោយ៖បញ្ញាស័ក្តិ