Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ បានបញ្ជាក់​ថា សម្ដេច​ដូចជា​ឆ្មប​ដែល​បាន​ជួយ​បង្កើត​ក្រុមហ៊ុន​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អរគុណ​ដល់​ក្រុមហ៊ុន Minebea ដែល​បាន​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​ស្តង់ដារ​ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​១៧០​លាន​ដុល្លារ​។ ទន្ទឹមនឹងនេះ សម្ដេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា សម្ដេច​ដូចជា​ឆ្មប​ដែល​បាន​ជួយ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​។ ក្រុមហ៊ុន​នេះ​ដូចជា​ទារក ដូច្នេះ​ហើយ​សម្ដេច មិន​បោះបង់​ចោល​ទារក​នេះ​ទេ​។​

​នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ បន្ទាប់​បាន​អញ្ជើញ​ជួប​កូនក្មួយ​កម្មករ​រួចហើយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឆ្លៀត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោក Yoshihisa Kainuma នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Minebea (Cambodia) នៅ​ក្រុមហ៊ុន Minebea ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ផ្ទាល់​តែម្តង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​ក្រុមហ៊ុន Minebea និង​បុគ្គលិក ព្រមទាំង​កម្មករ កម្ម​ការ​នី​ទាំងអស់​ដែល​បាន​បង្កើត​បរិយាកាស​ស​ប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា នេះ​។​

​លោក Yoshihisa Kainuma នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Minebea (Cambodia) ក៏​បាន​អរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ផងដែរ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្តល់​នូវ​ភាព​រីករាយ​ដល់​កម្មករ កម្មការិនី នៅថ្ងៃនេះ ដែល​ចាត់ទុក​ជា​អនុស្សាវរីយ៍​មួយ​មិនអាច​បំភ្លេច​បាន​។ លោក​ប្រធាន ក៏​បាន​មានប្រសាសន៍​អំពី​ក្រុមហ៊ុន​លោក​ដែល​បាន​ខិតខំ​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​រួមចំណែក​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​អោយមាន​ការរីកចម្រើន​ទៅមុខទៀត​។​

​មកទល់ពេលនេះ គឺ​ក្រុមហ៊ុន Minebea (Cambodia) បាន​វិនិយោគ​លើ​ទឹកប្រាក់​ប្រមាណ ១៤០​លាន​ដុល្លារ ហើយ​បើ​បូក​ទាំង​ការចំណាយ​ទៅលើ​ការដឹក​ជញ្ជូន​ផ្សេងៗ​ទៀត គឺ​សរុប​ទាំង​អស់​ប្រមាណ​ជា​១៧០​លាន​ដុល្លារ​រួចហើយ​។​

​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រីករាយ​ដែរ​ដោយសារ​មាន​ការគាំទ្រ​ពី សម្ដេច​តេជោ ដែល​បាន​ជួយ​អោយ​ក្រុមហ៊ុន​របស់​លោក​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ក្រុមហ៊ុន​អគ្គិសនី​ក្នុងការ​ផលិត​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥ kw ដែល​ជួយ​អោយ​តំលៃ​អគ្គិសនី​ធ្លាក់ចុះ​ទាប ហើយ​ក្រុមហ៊ុន​មានលទ្ធភាព​ធ្វើការ​ប្រកួតប្រជែង​បាន​។ ទន្ទឹមនឹងនេះ លោក​ក៏​បាន​បញ្ជាក់​អំពី​ការពេញចិត្ត​ក្នុង​ការរួមចំណែក​ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ ក៏ដូចជា​ទីក្រុង​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​ឲ្យទៅ​ជា Smart city ដែល​មាន​គោលដៅ​ធ្វើឲ្យ​អគ្គិសនី​មាន​តម្លៃទាប​។ លោក​ប្រធាន​ក៏​បាន​អញ្ជើញ សម្ដេច​តេជោ ទៅ​ទស្សនា​គម្រោង​នៅ​កោះ​ពេជ្រ​ដែល​គាត់​បាន​អនុវត្តន៍​គម្រោង កាត់បន្ថយ​ការចំណាយ​ទៅលើ​អគ្គិសនី​៩០% ដោយសារ​ថា​អគ្គិសនី​នេះ​មិន​ឆេះ​ចោល​ទេ នៅពេល​ណា​អត់​មាន​មនុស្ស​គឺ​វា​ស្រទុំៗ នៅពេលដែល​មាន​មនុស្ស​ដែល​ទើប​វា​ឆេះ​ភ្លឺ អញ្ចឹង​ហើយ​គឺ​នឹង​ធ្វើឲ្យ​ការចំណាយ​កាត់បន្ថយ ៩០%​។ លោក​ប្រធាន​បាន​ស្នើសុំ​ឲ្យ​សម្តេច​តេជោជួយ​គាំទ្រ​ក្រុមហ៊ុន​របស់​លោក​។​

ក្រុមហ៊ុន​មី​នី​បៀ​នៅ​កម្ពុជា​នេះ​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគ​បន្ថែម​ទៀត​ពី​ប្រទេស​ផ្សេងៗ​មក​កម្ពុជា ព្រោះ​ថា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្ដេច មាន​ស្ថេរភាព មាន​សុខសន្តិភាព​។ លោក​ប្រធាន​បាន​សន្យាថា​នឹង​ខិតខំ​រួមចំណែក​ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​នឹង​ខិតខំ​ធ្វើយ៉ាងណា​បន្ថែម​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អោយមាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អរគុណ​ដល់​ក្រុមហ៊ុន Minebea ទន្ទឹមនឹងនេះ សម្ដេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា សម្ដេច​ដូចជា​ឆ្មប​ដែល​បាន​ជួយ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​។ ក្រុមហ៊ុន​នេះ​ដូចជា​ទារក ដូច្នេះ​ហើយ​សម្ដេច មិន​បោះបង់​ចោល​ទារក​នេះ​ទេ​។ ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហ៍កម្ម ២០១៥ -២០២៥ សម្ដេច​ចង់​អោយ​មាន​នៅ​រោងចក្រ​របៀប​ដូច Minebea នេះ​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះដែរ សម្ដេច​តេជោ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​មី​នី​បៀ​ក្នុង​ការជួយ​ក្នុង​វិស័យ​អគ្គិសនី ជាពិសេស​អភិវឌ្ឍន៍​នូវ Smart city​។ ហើយ​សម្ដេច​បាន​ចាត់ទុក​ថា​ជោគជ័យ​របស់ Minebea គឺ​ដោយសារតែ​យើង​មាន​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ សម្តេច​តេជោ បាន​អបអរសាទរ និង​ស្វា​គម​ដែល ក្រុមហ៊ុន Minebea ពេលនេះ​កំពុង​រីក​ធំធាត់​ក្លាយជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ហើយ​។​

​ជា​ចុងក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​សាជាថ្មី ចំពោះ​ការរៀបចំ​ឲ្យមាន​ទិវា​ជួបជុំ​កម្មករ​ក្នុង​ថ្ងៃ​១​ឧសភា​នេះ បានល្អ ហើយ​សម្តេច​តេជោ ក៏​បាន​ជូនពរ លោក Yoshihisa Kainuma មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×