មួយរយៈខ្លីចុងក្រោយនេះ ឃើញមានតារាកំប្លែងជើងចាស់ជាច្រើននាក់បានធ្លាក់ខ្លួនឈឺ ហើយក្នុងនោះក៏មានអ្នកស្លាប់ផងដែរ ជាក់ស្ដែងដូចជាលោកតា វីតាមីនសេ ទើបតែបានលាចាកលោកកាលពីពេលថ្មីៗនេះ ដោយបន្សល់នូវភាពទុក្ខសោកដល់កូនចៅ ព្រមទាំងអ្នកគាំទ្រនាយទាំងក្នុង និងក្រៅប្រទេសផងដែរ ។
ជាមួយគ្នានេះផងដែរ ខណៈពេលនេះ លោកយាយ ណយ សំណាង ដែលជាតារាកំប្លែងជើងចាស់មួយរូប កំពុងធ្លាក់ខ្លួនមានជម្ងឺចុកឆ្អល់ធ្លាក់ឈាមតាម ទ្វាធំ នៅពុំទាន់បានធូរស្បើយនៅឡើយទេ ហើយស្របពេលជាមួយស្ថានភាពគ្រួសារលំបាកផងនោះ ក៏លោកយាយ ពុំសូវទទួលបានការព្យាបាលដិតដល់ដែរ ។
យោងតាមប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា បច្ចុប្បន្នអការៈរបស់លោកយាយ ណាង លែងមានឈាមធ្លាក់ទៀតហើយ ប៉ុន្តែបែជាបត់ជើងធំមិនចេញទៅវិញ ដែលស្ថានភាពនេះបន្តមករយៈពេល ៤ថ្ងៃមកហើយ ចំណែកការហូបចុកចំណីអាហារវិញ នៅតែមិនបានដដែល បានតែបបរបន្តិចបន្តួចប៉ុណ្ណោះ ។
អាការៈជម្ងឺរបស់លោកយាយ ណាង គ្រូពេទ្យបានតម្រូវឱ្យសម្រាករយៈពេលយ៉ាងតិចក៏មួយសប្ដាហ៍ដែរ ប៉ុន្តែដោយសារស្ថានភាពគ្រួសារលំបាកពេក គ្មានលទ្ធភាពគ្រប់គ្រាន់លោកយាយក៏សម្រេចចិត្តសម្រាកនៅមន្ទីរពេទ្យឯកជនតែ ២ថ្ងៃទេ ហើយក៏ត្រឡប់មកសម្រាកនៅផ្ទះវិញ ដោយការចំណាយ ២ថ្ងៃនៅមន្ទីរពេទ្យអស់លុយជាង ៣០០ដុល្លារ ។
តាមរយៈសម្ដីរបស់លោកយាយ ណាង ជាមួយទឹកភ្នែករលីងរលោង បានឱ្យដឹងថែមទៀតថា កាលពីម្សិលមិញនេះ ដោយសារគ្មានលុយមួយរៀលសោះ លោកយាយក៏បានបង្ខំចិត្តយកកងដៃចៅស្រីទៅបញ្ចាំបានប្រាក់ ១៥០ដុល្លារ យកទុកទិញថ្នាំ និងម្ហូប ដើម្បីដោះស្រាយជីវិតមួយគ្រា ។
គួរបញ្ចាក់ថា បច្ចុប្បន្នលោកយាយ ណយ សំណាង បានផ្អាកពីការសម្ដែងជាង ២ឆ្នាំមកហើយ ព្រោះតែសុខភាពចុះខ្សោយខ្លាំង ដោយអាស្រ័យខ្លួនលើកូនប្រុសតែម្នាក់គត់របស់គាត់ជាអ្នកចិញ្ចឹម គឺលោក វណ្ណស័ក្ដិ ខណៈដែលទីផ្សារជាតារាចម្រៀងរបស់លោក នៅមិនទាន់ទូលំទូលាយដូចតារាចម្រៀងដទៃឡើយ ៕ សាវុធ