Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង WHO ៖ អូមីក្រុង នៅតែជាមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់ ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង និងចំពោះអ្នកដែលងាយរងគ្រោះ ដូចជា មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ

spot_img

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់គ្នា មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំង ឱ្យបានពេញលេញ នៅពេលដល់វេន ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើគ្រប់គ្នា ត្រៀមខ្លួនរួចរាល់ សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នោះអ្នកទាំងអស់គ្នា អាចកាត់បន្ថយការឆ្លងរាលដាលបាន។

ការពន្យល់របស់លោកស្រី លី អាយលែន ធ្វើឡើងតាមរយៈគេហទំព័ររបស់អង្គការសុខភាពពិភពលោក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានខ្លឹមសារដូចខាងក្រោម៖

ឥឡូវនេះយើងមានករណីឆ្លងនៅក្នុងសហគមន៍នៅប្រទេសកម្ពុជាហើយ ខណៈពេលដែលយើងកំពុងសិក្សាបន្ថែមអំពីមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង និងប្រភេទផ្សេងទៀតនៅឡើយ ក្នុងនោះយើងដឹងអំពីរឿង៣យ៉ាងអំពីមេរោគបំប្លែងខ្លួនថ្មីនេះ៖

១- អូមីក្រុងងាយឆ្លងខ្លាំង ហើយឆ្លងខ្លាំងជាងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតាទៅទៀត ហេតុដូច្នេះហើយយើងទំនងជានឹងមានករណីឆ្លងអូមីក្រុងច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយករណីឆ្លងទំនងជានឹងបន្តកើនឡើង។

២- អូមីក្រុងហាក់ដូចជាបង្កឱ្យមានជំងឺកូវីដ-១៩ ដែលមានលក្ខណៈស្រាលជាងដែលតា ក៏ប៉ុន្តែអូមីក្រុងនៅតែជាមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់មួយ ជាពិសេសចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង និងចំពោះអ្នកដែលងាយរងគ្រោះដូចជាមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។

៣- វ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកបានអនុវម័តបញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងគ្រាអាសន្ន នៅតែមានប្រសិទ្ធភាពទប់ស្កាត់មិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ សម្រាកនៅមន្ទីរពេទ្យ និងបាត់បង់ជីវិត ប៉ុន្តែមានការថមថយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងរបស់មេរោគ និងការចម្លងទៅអ្នកផ្សេងទៀត។ នេះមានន័យថាវ៉ាក់សាំងទាំងអស់នោះ ហើយនិងការចាក់វ៉ាក់សាំងនៅតែជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់បំផុតផ្សេងទៀត ប៉ុន្តែវ៉ាក់សាំងណាមួយក៏ដោយតែឯកឯងមិនអាចការពារអ្នក គ្រួសារអ្នក និងសហគមន៍អ្នកបានពេញលេញពីមេរោគកូវីដ-១៩ឡើយ។

ជាមួយនឹងភស្តុតាង និងចំណេះដឹងទាំងអស់នេះដែលអង្គការសុខភាពពិភពលោកមាន ឥឡូវនេះមិនមែនជាពេលវេលាដែលគ្រប់គ្នាអាចបន្ធូរបន្ថយការប្រុងប្រយ័ត្ននៅប្រទេសកម្ពុជានោះទេ។ នៅក្នុងបរិបទនៃការបើកប្រទេសឡើងវិញប្រកបដោយជោគជ័យ សុវតិ្ថភាព និងនិរន្តរភាព ពេលនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលគ្រប់គ្នាត្រូវកាត់បន្ថយការចម្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍ ដើម្បីឱ្យគ្រប់គ្នាអាចការពារប្រព័ន្ធសុខាភិបាលមិនឱ្យទទួលបន្ទុកធ្ងន់ធ្ងរ ហើយដូច្នេះគ្រប់គ្នាអាចជៀសវាងការបិទខ្ទប់ដ៏តឹងរឹងណាមួយ។

គ្រប់គ្នាដឹងអំពីវិធានការទាំងឡាយដែលមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដ-១៩ទាំងអស់រួមទាំងមេរោគកូវីដ-១៩ប្រភេទដែលតា និងអូមីក្រុង។
លោកស្រី លី អាយលែន បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពេលដល់វេន ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើគ្រប់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នោះអ្នកទាំងអស់គ្នាអាចកាត់បន្ថយការឆ្លងរាលដាលបាន។

លោកស្រីបានបន្តទៀតថា ដើម្បីកាត់បន្ថយការចម្លងនៃមេរោគកូវីដ-១៩ និងករណីជំងឺធ្ងន់ធ្ងរ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឱ្យអនុវត្តយុទ្ធសាស្រ្តសំខាន់ចំនួន៥រួមបញ្ចូលគ្នា។ យុទ្ធសាស្រ្តទាំង៥នោះ គឺស្របតាមយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងពីការរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានមេរោគកូវីដ-១៩។ «ការទប់ស្កាត់មិនឱ្យមានការចម្លងទ្រង់ ទ្រាយធំនិងរស់នៅជាមួយនឹងវត្តមានមេរោគកូវីដ-១៩» មិនមានន័យថា «យើងត្រូវបោះបង់វិធានការការពារមេរោគកូវីដ-១៩ទាំងអស់ចោលនោះទេ»។ ពុំមានកាលៈទេសៈណាដែល «គ្មានហានិភ័យទាំងស្រុង» ក្នុងការឆ្លងជំងឺកូវីដ-១៩នោះទេ ប៉ុន្តែយើងទាំងអស់គ្នាមានបំណងធ្វើឱ្យហានិភ័យនៅកម្រិតដែលអាចគ្រប់គ្រងបាន។ យុទ្ធសាស្រ្តទាំង៥នោះរួមមាន៖ ទី១. គឺវ៉ាក់សាំង និងការចាក់វ៉ាក់សាំង, ទី២៖. គឺវិធានការសុខភាពសាធារណៈ និងសង្គម, ទី៣. គឺការផ្តល់សេវាថែទាំសុខភាពសមស្របឱ្យចំអ្នកជំងឺ និងចំកន្លែងព្យាបាល, ទី៤. គឺការរកឃើញករណីបានឆាប់រហ័ស និងការឆ្លើយតបចំគោលដៅ និងទី៥. គឺអភិក្រមដោយផ្អែកលើហានិភ័យសម្រាប់វិធានការគ្រប់គ្រងព្រំដែន និងការធ្វើដំណើរអន្តរជាតិ។ យុទ្ធសាស្រ្តទាំង៥នេះ មានគោលដៅជួយដល់មន្ត្រីសុខាភិបាលក្នុងការធ្វើឱ្យជំងឺកូវីដ-១៩ក្លាយទៅជាជំងឺដែលឆ្លងក្នុងទ្រង់ទ្រាយអង់ដេមិក (endemic) ចំណែកប្រជាជនទាំងអស់គ្នាអាចធ្វើចំណែក ដោយត្រូវអនុវត្តវិធានការពាក់ព័ន្ធនានានៅក្នុងជីវិតប្រចាំថ្ងៃ ហើយអាចគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។

ប្រជាជនទាំងអស់គ្នាពិតជាសោមនស្សរីករាយណាស់ ដែលប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងអត្រាមួយខ្ពស់ ហើយកម្ពុជាស្ថិតក្នុងស្ថានភាពមួយប្រសើរជាងប្រទេសជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានប្រជាជនមួយចំនួនតូចនៅមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ។ ថ្មីៗនេះ លោកស្រី លី អាយលែន មានឱកាសដ៏ល្អមួយ ដោយបានធ្វើដំណើររួមជាមួយនឹងមន្រ្តីក្រសួងសុខាភិបាលទៅខេត្តមួយ ហើយបានជួបប្រជាជនក្នុងសហគមន៍។ លោកស្រីរៀនបានច្រើនពីសហគមន៍មូលដ្ឋានអំពីមូលហេតុដែលក្រុមប្រជាជនងាយរងគ្រោះមួយចំនួនសម្រេចចិត្តចាក់ ឬក៏មិនចាក់វ៉ាក់សាំង។ វាជារឿងសំខាន់ដែលអ្នកទាំងនោះ ជាពិសេសអ្នកដែលងាយរងគ្រោះត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញតាមការណែនាំ។ ក្រុមប្រជាជានមួយចំនួនដូចជាបុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ត្រូវតែបន្តទទួលបានអាទិភាព។ បើទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការចាកវ៉ាក់សាំងដ៏គួរឱ្យកោតសរសើរក៏ដោយ ក៏ប្រជាជនគ្រប់គ្នាត្រូវតែចាំថា វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ជំងឺរាតត្បាតជាសាកលមួយនេះបានទេ។ បន្ថែមពីលើវ៉ាក់សាំង វិធានការការពារផ្ទាល់ខ្លូន ដូចជាការពាក់ម៉ាស់ បង្កើនលំហូរខ្យល់ចេញចូល រក្សាគម្លាតសុវតិ្ថភាព និងរក្សាអនាម័យផ្លូវដង្ហើម (សុជីវធម៌ពេលក្អកកណ្តាស់) ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបញ្ឈប់ការរីករាលដាល។ ជំហានដ៏សាមញ្ញទាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩នាពេលកន្លងមក ហើយនឹងបន្តមានប្រសិទ្ធភាពចំពោះមេរោគកូវីដ-១៩គ្រប់ប្រភេទរួមទាំងប្រភេទបំប្លែងថ្មីផងដែរ។

ប្រជាជនក្នុងសហគមន៍កម្ពុជាមានចំណេះដឹងច្រើនរួចហើយអំពីវិធានការសុខភាពសាធារណៈ និងសង្គម។ ប្រជាជនទាំងអស់គ្នាដឹងអំពីវិធានការ ៣កុំ និង៣ការពារ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវបន្តអនុវត្តវិធានការទាំងនោះឱ្យបានត្រឹមត្រូវ និងជាប់លាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអូមីក្រុងចាប់ផ្តើមចរាចនៅក្នុងសហគមន៍ វានៅតែមានសារៈសំខាន់ដែលប្រជាជនទាំងអស់គ្នាត្រូវជៀសវាងទីតាំង៣ ដែលរួមមានទីតាំងដែលមានមនុស្សច្រើន និងទីតាំងដែលមិនមានខ្យល់ចេញចូល។ អ្នកខ្លះក្នុងចំណោមយើងទាំងអស់គ្នា គ្រោងនឹងចូលរួម ឬកំពុងតែចូលរួមពិធីអបអរឆ្នាំថ្មី និងពិធីជួបជុំគ្នាផ្សេងៗទៀត ឬការជួបជុំគ្រួសារក្នុងរយៈពេលប៉ុន្មានសបា្តហ៍ខាងមុខនេះ។ ប្រជាជនទាំងអស់ត្រូវតែចាំថា អូមីក្រុងអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស សូម្បីតែក្នុងចំណោមគ្រួសារ និងមិត្តភកិ្តក៏ដោយ។ ចូរសួរខ្លួនឯងថាតើខ្ញុំត្រូវចូលរួមពិធីនោះឬទេ? តើអាចរៀបចំព្រឹតិ្តការណ៍នោះនៅទីធ្លារខាងក្រៅបានឬទេ? តើមានទ្វារឬបង្អួចដែលយើងអាចបើកចំហរបានឬទេ? តើព្រឹតិ្តការណ៍នោះត្រូវរៀបចំរបៀបណាដើម្បីឱ្យមានសុវតិ្ថភាពការពារពីមេរោគកូវីដ-១៩? ប្រសិនបើអ្នកចូលរួម សូមចងចាំថាត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យដើម្បីរក្សាសុវតិ្ថភាពអ្នកគ្រប់គ្នាដែលបានចូលរួមពិធី។ យើងទាំងអស់គ្នាពិតជាមិនចង់នាំយកមេរោគអូមីក្រុងត្រឡប់ទៅផ្ទះវិញទេ ជាពិសេសនៅពេលដែលមានមនុស្សងាយរងគ្រោះនៅផ្ទះ និងក្នុងសហគមន៍។

នៅពេលដែលករណីឆ្លងអូមីក្រុងកើនឡើង យើងត្រូវការពារអ្នកដែលងាយរងគ្រោះបំផុតរបស់យើង ដែលមានដូចជាបុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ អ្នកដែលមានជំងឺប្រចាំកាយ និងស្រ្តីមានផ្ទៃពោះ។ អូមីក្រុង អាចឆ្លងខ្លាំងជាងមេរោគបំប្លែងខ្លួនថ្មីមុនៗ ហើយវាអាចចម្លងដល់អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩រួចហើយផងដែរ។ វ៉ាក់សាំងបច្ចុប្បន្ន ក៏ថមថយប្រសិទ្ធភាពប្រឆាំង នឹងការឆ្លងមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងផងដែរ។ ដូច្នេះអូមីក្រុង អាចធ្វើឱ្យមនុស្សមួយចំនួនធំធ្លាក់ខ្លួនឈឺ ជាពិសេសប្រសិនបើយើងមិនបាន អនុវត្តតាមវិធានការការពារពីមេរោគកូវីដ-១៩ឱ្យបានត្រឹមត្រូវ ឬពឹងផ្អែកតែទៅលើវ៉ាក់សាំង ដើម្បីកាត់បន្ថយការចម្លង។ ទន្ទឹមនឹងនោះ យើងក៏ត្រូវធានាថាមានមន្ទីរពេទ្យ និងគ្រែថែទាំអ្នកជំងឺធ្ងន់ សម្រាប់អ្នកដែលត្រូវការ ហើយធានាថាប្រព័ន្ធសុខាភិបាល របស់យើងមិនទទួលបន្ទុកធ្ងន់។ កាលៈទេសៈនោះ គេហៅថា «ឆ្លងហួសខ្សែបន្ទាត់ក្រហម»។ ដើម្បីជៀសវាងកុំឱ្យឆ្លងហួសខ្សែបន្ទាត់ក្រហម និងដើម្បីការពារអ្នកងាយរងគ្រោះ យើងត្រូវកាត់បន្ថយការចម្លង មិនចំពោះថាការចម្លង ដោយមេរោគបំប្លែងខ្លួនថ្មី ប្រភេទណានោះទេ។ “ការថែទាំរហូតដល់ជាសះស្បើយនៅតាមផ្ទះ” សម្រាប់អ្នកជំងឺដែលគ្មានរោគសញ្ញា ឬរោគសញ្ញាស្រាល ជាផ្នែកមួយសំខាន់នៃយុទ្ធសាស្រ្ត ឆ្លើយតបចំពោះកូវីដ-១៩ទាំងមូល ជាពិសេសចំពោះមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងបច្ចុប្បន្ន។

យើងទាំងអស់គ្នាដឹងនូវអី្វដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការចម្លង ដូច្នេះហើយចូរយើងទាំងអស់គ្នាត្រៀមខ្លួន ឱ្យរួចរាល់សម្រាប់ការកើនឡើងណាមួយ នៃករណីឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើយើងអនុវត្តតាមគោលការណ៍ណែនាំនានា នោះយើងអាចជួយគ្នា ក្នុងការបើកដំណើរសេដ្ឋកិច្ចកម្ពុជាឡើងវិញ ប្រកបដោយសុវតិ្ថភាព និងនិរន្តរភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×