សៀមរាប ៖ គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែឧសភានេះ បានប្រកាសថា រយៈពេល៤ខែដើម ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ជាង១លាននាក់ ហើយទទួលបានចំណូលប្រមាណ៤៨លានដុល្លារ និងបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាជាង២លានដុល្លារ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរទិញប័ណ្ណ និងចំណូលដេលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមេសា ដើមឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន១៩២.៤១២នាក់ បើធៀបនឹងខែមេសាឆ្នាំ២០១៧ កើន៦,១៨ភាគរយ និងបានទទួលចំណូលសរុប ៨.៥៩៨.៥០៨ដុល្លារអាមេរិក កើន ២,៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ ចំណូលខែមេសាចំនួន ៣៨៤.៨២៤ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា។ ចំណែករយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសាឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺមានភ្ញៀវទេសចរទិញប័ណ្ណ ចំនួន១.០៥០.៩៩២នាក់ កើនឡើងចំនួន១១,១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលបានចំណូលចំនួន ៤៨.២៥៥.៣១៩ដុល្លារអាមេរិក កើនឡើង២២,៩៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ហើយថវិកាដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋាអង្គរចំនួន២.១០១.៩៨៤ដុល្លារអាមេរិក ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល៤ខែដំបូងដើមឆ្នាំនេះ៕ ដោយ ៖ បញ្ញាស័ក្តិ