Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូននាយករដ្ឋមន្ត្រី បបួលលោកម៉ែន ណាត ភ្នាល់ ដើម្បីរកការពិត រឿងលុយ ២០០ លានដុល្លារ

ភ្នំពេញៈ លោកហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ថ្មីៗនេះលោកម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាន ក្នុងការបញ្ចេញព័ត៌មាននានា បានបង្ហោះព័ត៌មានមួយដែលចោទថា លោកមានលាក់លុយ ២០០លានដុល្លារ នៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលចោទថា លោកហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូឯណោះផងដែរ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន ម៉ាណែត។


លោកម៉ែន ណាត ត្រូវបានគេដឹងថា ជាសកម្មជនគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលតែងតែមួលបង្កាច់គ្មានការពិតមកលើរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងគោលបំណងដើម្បីកេងចំណេញនយោបាយ និងបម្រើផលប្រយោជន៍ឲ្យបក្ខពួករបស់ខ្លួន។
លោកហ៊ុន ម៉ាណែត បានលើកឡើងថា នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់ បានប្រឌិតឡើង​ ក្នុងចេតនាមួលបង្កាច់ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដើម្បីកេងចំណេញនយោបាយ។ ដោយលោកបានបញ្ជាក់ថា ក្នុងនាមជាកូនប្រុស លោកមិនចង់និយាយអ្វីវែងឆ្ងាយទេ។ លោកចង់ភ្នាល់តែម្តងជាមួយលោកម៉ែន ណាត ដែលបានចោទថា លោកមានលុយរាប់លានដុល្លារ ទុកនៅធនាគារបារាំង ហើយនិងកំពុងចូលរួម
​ដេញថ្លៃអគារក្នុងតម្លៃ រាប់លានអឺរ៉ូនោះ។ “ការភ្នាល់នោះគឺ ខ្ញុំផ្តល់រយៈពេល២សប្តាហ៍លោក ម៉ែន ណាត បង្ហាញឯកសារជាភស្តុតាងដែលបញ្ជាក់ថា៖ ១) ខ្ញុំមានលាក់លុយ២០០លានដុល្លានៅធនាគារ BNP នៅបារាំង ២) ខ្ញុំមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលលោកបានចោទ។ ឯកសារទាំងនោះ យើងអាចស្នើសុំឲ្យស្ថានទូតបារាំង នៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំឲ្យធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិត”។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថា លោកពិតជាមានប្រាក់ និងកំពុងដេញថ្លៃអគារ ដូចដែលលោកចោទប្រកាន់មែន លោកហ៊ាន៖ ១) ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថាមាននោះអោយទៅលោក។
២) លោកនឹងធ្វើកិច្ចសន្យាជាសាធារណៈថា លោកនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត។ ប៉ុន្តែបើលោក ម៉ែន ណាត មិនហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដ
​ដើម្បីបញ្ជាក់តាមការចោទ របស់លោកទេ លោកសុំឲ្យលោក ម៉ែន ណាត៖ ១) ធ្វើលិខិតសុំទោសជាសាធារណៈ។ ២) ធ្វើកិច្ចសន្យាជាសាធារណៈថា នឹងឈប់ប្រឡូកក្នុងនយោបាយ តាមគ្រប់រូបភាព អស់មួយជីវិត។
លោកមិនខ្លាចនឹងភ្នាល់ទេ ព្រោះលោកគ្មានអ្វីត្រូវលាក់បាំង ចំពោះការចោទប្រកាន់ របស់លោក ម៉ែន ណាត ទេ។ សង្ឃឹមថា លោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាននោះហ៊ានភ្នាល់ជាមួយលោកដែរ ព្រោះបើតាមអ្វីដែលលោកសរសេរនោះ គឺលោកបានអួតថា មានភស្តុតាងអស់ហើយសម្រាប់យកឈ្នះក្នុងការភ្នាល់គ្នានេះ។ ប្រជាពលរដ្ឋជាច្រើនក៏កំពុងរង់ចាំមើលដែរ តើអ្នកក្លាហានដូចលោកហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនសរសេរឬទេ?។ សង្ឃឹមថា លោក ម៉ែន ណាត ពិតជាមានចិត្តជាកូនប្រុស និងមានភាពក្លាហាន ទទួលខុសត្រូវចំពោះការសរសេររបស់ខ្លួន ហើយមិនមែនជាជនកំសាក និងមិនហ៊ានទទួលខុសត្រូវនោះទេ។ នឹងរង់ចាំចម្លើយលោក ហើយបើលោកមានឯកសារជាភស្តុតាងពិតប្រាកដ សូមបង្ហាញមក។ ឯកសារទាំងនោះយើងនឹងស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិតបាន៕ដោយៈ មុនីរាជ

×