ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញនូវការស្វាគមន៍ ចំពោះគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីគណបក្សរបស់ខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
តាមរយៈហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជាមានសន្តិភាព គឺកម្ពុជាកាន់តែរីកចម្រើន ថ្ងៃបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ក៏ជិតមកដល់។ ខ្ញុំសូមស្វាគមន៍ដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ នេះគឺបង្ហាញអោយឃើញច្បាស់ថា កម្ពុជាកំពុងគោរពនិងអនុវត្តន៍នូវលទ្ឋិប្រជាធិបតេយ្យ ដែលគណបក្សនយោបាយតូចធំទាំងអស់ក្នុងប្រទេសមានសិទ្ធិ និងឱកាសចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយសេរី។ កាលពីម្សិលមិញ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមអបអរសាទរជាមួយកូនក្មួយកម្មករនៅក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ខ្ញុំរីករាយនៅពេលដែលបានឃើញកូនក្មួយមានសុខភាពល្អ មានការងារធ្វើជាប់លាប់ មានប្រាក់ខែល្អសមរម្យ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បានយកចិត្តទុក ដាក់គិតគូយ៉ាងខ្លាំងក្នុងការការពារ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនថែមទៀតដល់ក្មួយៗកម្មករទាំងក្នុងពេលកំពុងបម្រើការងារ និងក្រោយពេលឈប់សម្រាកចូលរឺត្រែត ដើម្បីកូនក្មួយមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
សូមអរគុណបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិការគណបក្សប្រជាជន និងកូនក្មួយយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ ហើយបន្តបោះឆ្នោតជូន គណបក្សប្រជាជន ដើម្បីខ្ញុំមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿងរីកចម្រើនសំបូរសប្បាយ”។
គួរបញ្ជាក់ថា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គិតត្រឹមនៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃដំណើរការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន៣ហើយ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរួចហើយ ខណៈគណបក្សនយោបាយចំនួន១៦ផ្សេងទៀត បានមកទទួលពាក្យសុំចុះបញ្ជីឈ្មោះ៕ ដោយ៖បញ្ញាស័ក្តិ