បុរសម្នាក់ត្រូវបានសណ្ឋាគារលំដាប់ខ្ពស់មួយ បណ្តេញចេញពីការងារភ្លាមៗ បន្ទាប់ពីបុរសរូបនេះ បានមើលងាយ យកស្រាចាក់ស្រោចលើក្បាលនារីស្រស់ស្អាតម្នាក់ ព្រោះខឹងនាងបដិសេធជល់កែវជាមួយរូបគេ។
សណ្ឋាគារ Swissotel Bangkok Ratchada Hotel បាននិយាយកាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា ខ្លួនបានបណ្តេញបុគ្គលិកប្រុសម្នាក់នោះរួចហើយ បន្ទាប់ពីរូបគេបានចាក់ស្រាបៀរទៅលើនារីម្នាក់ ដែលមិនព្រមជល់កែវជាមួយ។ សណ្ឋាគារក៏បាននិយាយថា ខ្លួនមិនគាំទ្រអាកប្បកិរិយា “មិនសមរម្យ” បែបនេះឡើយ របស់និយោជិតទាំងក្នុងអំឡុងពេល និងក្រៅម៉ោងធ្វើការ” ខណៈដែលបុរសរូបនេះមិនបានបំពេញកាតព្វកិច្ចនៅពេលនោះ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រោយមក ទើបគេដឹងថា នារីដែលរងការចាក់ស្រាលើនោះ គឺមានឈ្មោះ Pareploy Saeaia ជាជើងខ្លាំងប្រដាល់ម្នាក់នៅក្នុងប្រទេសថៃ។
ពិតណាស់ តាមរយៈវីដេអូ បានបង្ហាញ Pareploy ជាអ្នកប្រដាល់ថៃអាយុ ២៤ ឆ្នាំ ដែលស្ថិតក្នុងសម្លៀកបំពាក់ពេលល្ងាចរបស់នាង បានផ្ទុះកំហឹងដើរដេញតាមពីក្រោយបុរសនោះ ទាំងខ្លួនប្រាណទទឹកជោគ និងបន្ទាប់ដើរចូលប្រើកណ្តាប់ដៃ និងជើង ដាល់ទាត់ទៅលើបុរសរូបនោះយ៉ាងធ្ងន់ៗធ្វើឲ្យមិត្តភក្តិរបស់នាងចាប់ឃាត់សឹងមិនចង់ឈ្នះនោះទេ។
Pareplo បាននិយាយថា នាងកំពុងញ៉ាំអាហារជាមួយមិត្តភ័ក្តិ នៅពេលនោះនាងត្រូវបានបុរសនោះចូលទៅជិត ហើយបានសុំនាងជល់កែវស្រាបៀរជាមួយ តែនាងបានបដិសេធ។ ប្រាំនាទីក្រោយមក បុរសនោះបានត្រឡប់វិញ យកស្រាបៀរចាក់ស្រោចលើក្បាលនាងតែម្តង មុននឹងដើរចេញទៅ។
តែទោះយ៉ាងណា បុរសរូបនោះ ត្រូវបាននាំខ្លួនទៅប៉ុស្តិ៍ប៉ូលីស Huai Khwang និងតម្រូវឲ្យបង់ប្រាក់ទៅលើ Pareplo និងមិត្តភក្តិរបស់នាងក្នុងម្នាក់ៗ ១០០០ បាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















