វីដេអូឃ្លីប បានបង្ហាញខណៈពេលដ៏ញាក់សាច់ នារីស្រស់ស្អាតជាអ្នកប្រដាល់ថៃម្នាក់ បានវាយទាត់ធាក់យ៉ាងសន្ធាប់ ពោរពេញដោយកំហឹងយ៉ាងខ្លាំងក្លា ដោយសារខឹងបុរសនោះយកស្រាចាក់ស្រោចមកលើនាង ឃើញថាបានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកលេងអុិនធើរណិត។
ដោយឡែកក្រោយរឿងហេតុនេះបានកើតឡើង ស្រីស្អាត Pareploy Saeaia កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហោះសារលើកទឹកចិត្តដល់នារីៗ ត្រូវមានភាពក្លាហាន សម្រាប់ស្ថានការណ៍ដ៏អាក្រក់បែបនេះ និងចង់ព្រមានទៅកាន់បុរសស្រវឹងឡប់គ្រឿងរូបនោះថា «អ្នកលេងខុសមនុស្សហើយ»។
ក្នុងនោះ Pareploy បានសរសេររៀបរាប់ឲ្យដឹងថា ដំបូង ខ្ញុំមិនចង់ផុសអីនោះទេ ប៉ុន្តែ ខ្ញុំចង់លើកទឹកចិត្តស្រីៗ និងព្រមានសួរទៅកាន់បុរសនោះថា តើអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើគេធ្វើទង្វើបែបនេះដាក់អ្នក!?។
នាងបន្តថា ខណៈពេលនោះ ពួកយើងកំពុងអង្គុយញ៉ាំបបរនៅក្នុងភោជនីយដ្ឋាន ហើយបន្ទាប់មក ក៏មានបុរសឆ្កួតឡប់ម្នាក់នេះ បានមកសុំជល់កែវស្រា នៅពេលនោះ ពួកយើងបដិសេធ ព្រោះកំពុងញ៉ាំ ដែលជាហេតុធ្វើឲ្យបុរសនោះដើរចេញទាំងមិនសប្បាយចិត្ត។ ប៉ុន្តែ មួយសន្ទុះក្រោយមក មិនលើសពី៥នាទី បុរសរូបនេះ បានដើរមកជាមួយកំប៉ុងស្រាបៀរ ចាក់ស្រោចមកលើក្បាលខ្ញុំ រហូតសើមជោគខ្លួនតែម្តង ដោយបានឃើញក្នុងឃ្លីប។
ជាមួយនឹងទង្វើដ៏អាក្រក់នេះ នាងក៏បានលើកឡើងថា បើជាស្រីផ្សេង គេធ្វើដាក់បែបនេះ ប្រហែលមិនហ៊ានវាយតបទេ ប៉ុន្តែ ដូចជាអ្នកលេងខុសមកលើខ្ញុំជាអ្នកប្រដាល់បន្តិចហើយ។ តែទោះយ៉ាងណា នាងក៏បានថ្លែងអំណរគុណ ទៅដល់ប៉ុស្តិ៍ប៉ូលិស Huai Khwang ដែលបានជួយដោះស្រាយរឿងនេះសម្រាប់រូបនាង និងមិត្តភក្តិរបស់នាង ប្រកបដោយស្នាមញញឹមរាក់ទាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






















