ភ្នំពេញ ៖ តុលាការខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជើញលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសាកសួរអំពីដំណើររឿងអ្នកដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រាបដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមលិខិតអញ្ជើញចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចេញដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា បៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ប្រជាពលរដ្ឋជាង៨០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយអន្តរាគមន៍ដោះស្រាយដោយដកហូតដីរដ្ឋនិងព្រៃលិចទឹកទំហំជាង ១០០ហិកតា ទុកជាសម្បត្តិរួមសម្រាប់ប្រើប្រាស់ក្នុងសហគមន៍វិញ ខណៈដែលពួកគេអះអាងថា ដីនោះត្រូវបានមន្ត្រីមួយចំនួនឃុបឃិតគ្នាលួចលក់ឱ្យឈ្មួញ។
នៅក្នុងលិខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានស្នាមផ្តិតមេដៃរបស់សហគមន៍ភ្នំលៀបជាង៨០០នាក់បានរៀបរាប់ថា មេឃុំឈ្មោះ អែម ណុយ បានលក់ដីរដ្ឋ និងដីព្រៃលិចទឹកជាប់បឹងទន្លេសាបទំហំប្រមាណ ១២០ហិកតាឱ្យទៅឈ្មួញ។ តាមរយៈលិខិតនេះ ក្រៅពីដីព្រៃលិចទឹក គឺនៅមានដី២ទីតាំងទៀត ដូចជា ដីក្បែរក្បាលស្ពាន និងដីព្រៃសហគមន៍ភូមិកំបោរ ក៏ត្រូវបានមេឃុំរូបនោះលក់ដែរ។

លិខិតនោះបានបញ្ជាក់ថា មេឃុំ និងអភិបាលស្រុកព្រះនេត្រព្រះ បានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយទទួលស្គាល់កំណត់ហេតុ និងទីតាំងបង្ហាញប្លង់ដីដែលបានលក់ទិញ ដោយមានបោះត្រាថែមទៀតផង។ លិខិតនេះធ្វើឡើង បន្ទាប់ពីលិខិតចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដែលមានចុះហត្ថលេខា ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប បានចុះកិច្ចព្រមព្រៀងលើការលក់ទិញដីនេះ ឱ្យទៅក្រុមគ្រួសារឈ្មោះ ស៊ា សុឃុន និងប្រពន្ធឈ្មោះ ស្រង់ ទ្រព្យ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ