Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់ហើយ! នីឡា កំណត់ពេលរៀបការខែក្រោយនេះ ក្រោយខកខាន៣ឆ្នាំ

ភ្នំពេញ ៖ នៅទីបំផុតតារាកំប្លែងវ័យក្មេងនាង នីឡា បានកំណត់ថ្ងៃច្បាស់លាស់សម្រាប់រៀបចំពិធីមង្គលការរបស់ខ្លួនហើយ បន្ទាប់ពីនាងបានសម្រេចពន្យាពេល៣ឆ្នាំ ក្រោយជួបបញ្ហាវិបត្តិកូវីដឆ្លងក្នុងសហគម ដែលបង្ខំចិត្តឲ្យគ្រួសាររបស់នាង ទាំងសងខាងសម្រេចផ្អាក ដោយត្រូវអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល។

បើមិនមានអ្វីប្រែប្រួលទេនោះ កូនស្រីរបស់អ្នករៀបចំកម្មវិធីកំសាន្តរបស់ស្ថានីយទូរទស្សន៍CTN លោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ រូបនេះនឹងរៀបចំពិធីមង្គលការរបស់ខ្លួន រយៈពេល២ថ្ងៃគឺថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណះពេលដែលធៀបការរបស់នាងត្រូវបានរៀបចំ និងគ្រោងចែកហៅភ្ញៀវកិត្តិយសក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។

ជាមួយនឹងរូបភាពធៀបការដែលបានបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុកនោះ នីឡា ក៏បានភ្ជាប់សារដ៏ខ្លីមួយថា អ្នកណាជំពាក់ចំណងដៃនីឡាខ្លះ ចេញមុខមកលើក៣ឆ្នាំហើយ សុំប្រាកដខែក្រោយនេះហើយ។
យ៉ាងណាតាម រយៈការបង្ហោះខាងលើនេះ គេក៏ឃើញមានមិត្តភក្តិ និងអ្នកគាំទ្ររបស់នាងជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ក្នុងពេលដែលនាងបានសម្រេចក្តីស្រមៃនៅក្នុងការមានគ្រួសារ ខណៈពេលដែលតារារូបនេះធ្លាប់បានរបួសបេះដូងម្តងរួចហើយ ក្រោយពីភ្ជាប់ពាក្យជាមួយកូនថៅកែល្ខោនបាសាក់ហើយ តែបានផ្តាច់ពាក្យវិញ។

កន្លងមកលោក សុវណ្ណរិទ្ធី ធ្លាប់បានចេញមុខបញ្ជាក់ថា កូនស្រីរបស់លោកអាចរៀបការបាន លុះត្រាតែស្ថានភាពអំណោយផល លែងភ័យពីកូវីដ–១៩ ពិសេសរដ្ឋាភិបាលបើកឲ្យរៀបចំពិធីមង្គលការឡើងវិញជាចំហដូចមុនបានហើយនោះ នឹងរៀបចំតែម្ដង។
លោកថាមិនអាចនិយាយមុនថា លោកត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងសិនព្រោះបើការទៅភ្ញៀវនៅតែបារម្ភកូវីដ–១៩នោះ ក្នុងនាមលោកជាឪពុកម្ដាយក៏ មិនសប្បាយអស់ពីចិត្តដែរ ព្រោះថាធ្លាប់លើកពេលរៀបការនេះ ម្ដងជាពីរដងហើយ។ លោកបន្តថាពេលនេះកូនប្រុសស្រីទាំង២ ស្រលាញ់គ្នា ហើយចុះសម្រុងគ្នាល្អគ្មានបញ្ហាអីទេប៉ុន្តែស្ថានការណ៍កូវីដ–១៩ លែងជាបញ្ហាចោទទៀតហើយ គឺពួកគេទាំងពីរនឹងរៀបការតែម្ដង ព្រោះពេលនេះច្បាស់លាស់ជាមួយគ្នា និងមានការដឹងលឺពីក្រុមគ្រួសារទាំងសងខាងរួចហើយដែរ។

គួរបញ្ជាក់ថា តារាកំប្លែងស្រី នីឡា និងជាកូនស្រីលោក វ៉ិចទ័រ អ្នកផលិតកម្មវិធីនៅស្ថានីយទូរទស្សន៍ CTN បានភ្ជាប់ពាក្យនៅជាមួយគូដណ្តឹងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយនឹងបុរសវ័យក្មេងដែលជាកូនអ្នកជំនួញមួយរូប បន្ទាប់នាង និងអនាគតស្វាមីបានចាប់ចិត្តស្រឡាញ់គ្នា និងស្វែងយល់ចិត្តគ្នាអស់រយៈពេលប្រមាណ២ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

×