ភ្នំពេញ ៖ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា តាមរយៈកិច្ចសន្ទនាវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីបានយល់ កាន់តែច្បាស់ និងស៊ីជម្រៅ ពីច្បាប់ស្ដីពីវិនិយោគថ្មី ហើយនឹងជួយផ្សព្វផ្សាយ ដល់វិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយស្ថានទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា បានរៀបចំកិច្ចសន្ទនាវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី និងផ្សាយផ្ទាល់តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក៏ដូចជាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាជូន វិនិយោគិនឥណ្ឌូនេស៊ីនៅកម្ពុជានិងនៅក្រៅប្រទេស ក្រោមអធិបតីភាពឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម លូហ៊ូត ប៊ិនសារ ប៉ានជ័យតាន់ (Luhut Binsar Panjaitan) រដ្ឋមន្ត្រីសម្របសម្រួលវិនិយោគនិងកិច្ចការសមុទ្រនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម ស៊ូឌារម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ១៥០នាក់។ កិច្ចសន្ទនានេះធ្វើឡើងនាថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានសម្តែងអំណរសាទរចំពោះសមិទ្ធផលថ្មីៗ មួយចំនួនដែលរាជដ្ឋាភិបាលកម្ពុជាសម្រេចបាន ដូចជាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងអត្រាមួយ ខ្ពស់គួរឱ្យកត់សម្គាល់ ដែលបានធ្វើឱ្យស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូដ-១៩ អាចគ្រប់គ្រងបាន និង ការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគតាមរយៈការអនុម័តច្បាប់ស្តីពីវិនិយោគថ្មីដែលត្រូវបានប្រកាស ដាក់ឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការលើក កម្ពស់ចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សំដៅធានាសុខសន្តិភាពក្នុងតំបន់ដែលជាបុរេលក្ខខណ្ឌ នៃការអភិវឌ្ឍនិងទាក់ទាញវិនិយោគមកកាន់តំបន់ ជាពិសេស កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា សភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា ដែលទើបត្រូវបានបង្កើតឡើង ជាផ្លូវការកាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់ កម្ពុជាក្នុងការជំរុញការវិនិយោគឥណ្ឌូនេស៊ីមកកម្ពុជាបន្ថែមទៀត។
ឯកឧត្តម លូហ៊ូត ប៊ិនសារ ប៉ានជ័យតាន់ បានកត់សម្គាល់នូវភាពជឿនលឿននៃកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រវាងឥណ្ឌូនេស៊ីនិងកម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។ ឯកឧត្តម បានកោតសរសើរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមអភិក្រមបុរេសកម្មក្នុងការជំរុញ, ផ្តល់កិច្ចសម្រួល, ការធានា, ការការពារ និងការ ថែទាំវិនិយោគ ឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបានជម្រាបជូនពីការធ្វើសាមញ្ញកម្មនីតិវិធីអនុម័ត គម្រោងវិនិយោគនៅឥណ្ឌូនេស៊ី តាមរយៈការច្របាច់បញ្ចូលគ្នានូវច្បាប់ពាក់ព័ន្ធនឹងការវិនិយោគតាម វិស័យនីមួយៗ ចំនួន ៧៦ ឱ្យក្លាយទៅជាច្បាប់គោល (Omnibus Law 2020)។

មានមតិក្នុងកិច្ចសន្ទនានេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីទំនាក់ទំនង ដ៍យូរលង់រវាងប្រទេសទាំងពីរ តាំងពីសម័យអង្គរ និងទំនាក់ទំនងដ៍ជិតស្និទ្ធរវាង ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរ ក្សត្រ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមSukarno ប្រធានាធិបតីឥណ្ឌូនេស៊ី ជាពិសេស ក្នុងការបង្កើត ចលនាមិនចូលបក្សសម្ព័ន្ធ (non-aligned movement)។ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា ដោយឥណ្ឌូនេស៊ីបានធ្វើ ជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសជាមួយនឹងសាធារណរដ្ឋបារាំង។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណដល់ភាគីឥណ្ឌូនេស៊ី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអន្តរក្រសួង របស់កម្ពុជាដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចសិក្សាកាលពីខែមករា ឆ្នាំ ២០២០ កន្លងទៅ ដើម្បីស្វែងយល់ពីការរៀបចំច្បាប់គោល (Omnibus Law) និងការធ្វើសាមញ្ញកម្ម នីតិវិធីអនុម័តគម្រោងវិនិយោគតាមបញ្ឈរតែមួយ ជាពិសេសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះវិនិយោគិនឥណ្ឌូនេស៊ី ដែលបានបណ្តាក់ទុននៅ កម្ពុជានាពេលកន្លងមក និងបានបង្ហាញនូវសុទិដ្ឋិនិយមលើសក្តានុពល នៃការវិនិយោគមកពីប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចធំជាងគេ នៅតំបន់អាស៊ាន ស្របពេលនៃការ ចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបើកទីផ្សារដល់កម្ពុជាបន្ថែមទៀតដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៏ បានជម្រាបអង្គវេទិកាថា ដូចដែលឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានលើកឡើងខាងលើ អត្រា ប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាជាអត្រាមួយខ្ពស់ ក្នុងចំណោមបណ្ដាប្រទេសក្នុង តំបន់និងក្នុងសាកលលោក ដែលបានផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ លើគ្រប់វិស័យ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងប្រកាសឱ្យអនុវត្តជាផ្លូវ ការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន
សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ -២០២៣ ដោយឈរលើសសរស្តម្ភចំនួន ៣ (3Rs) ១- ការស្តារឡើងវិញ (Recovery) ២-ការកែទម្រង់ (Reform) និង ៣- ការកសាងភាពធន់ (Resilience) ។
ឯកឧត្តមជឿជាក់ថា តាមរយៈកិច្ចសន្ទនាក្នុងឱកាសនេះ សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីបានយល់ កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់ស្ដីពីវិនិយោគថ្មី ហើយនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ពីការប្ដេជ្ញា ចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគនិងសេវាថែទាំវិនិយោគ ជូនវិនិ យោគិននានា ជាពិសេស វិនិយោគិនឥណ្ឌូនេស៊ី ដែលសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








