ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមសមាជិកមួយរូបនៃកិច្ចប្រជុំពេញអង្គ និងក្នុងតួនាទីជាប្រធានអាស៊ាន បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្តៅក្នុងតំបន់ដ៏ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ។

ការលើកឡើងនេះ នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ តបតាមការអញ្ជើញរួមរបស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំនួនប្រមាណ ៣០ បានអញ្ជើញចូលរួមវេទិកាខាងលើនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចកាន់តែច្រើន នឹងកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចក្នុងតំបន់ និងអន្តរតំបន់បន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរ ចំពោះការបញ្ចប់កិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយ រវាងអាស៊ាន-សហភាពអឺរ៉ុប ហើយទន្ទឹងរង់ចាំការសម្រេចបាន នាពេលអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាព អឺរ៉ុប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ ពីការចូលជាធរមាននៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការភ្ជាប់ជាក់ស្តែងរវាងផែនការមេនៃការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងច្រកទ្វារសកលនៃសហភាពអឺរ៉ុប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវគោលគំនិតអាស៊ានក្នុងការរៀបចំទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដោយជឿជាក់ថា ទស្សនវិស័យនេះ អាចជាវេទិកាដើម្បីសម្រួលដល់ការបំពេញបន្ថែម ក្នុងចំណោមកំណែទម្រង់ផ្សេងៗ នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី សម្រេចបាននូវគោលបំណងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាពជូនប្រជា-ពលរដ្ឋ។
ទាក់ទិននឹងបញ្ហាកង្វល់នានាស្តីពីសន្តិភាព និងសន្តិសុខក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនវេទិកាពីការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា ទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា កន្លងមកក្នុងគោលបំណងទម្លាយភាពជាប់គាំង និងវិធីសាស្រ្តជាក់ស្តែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការបន្តអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (Five Point Consensus)។

សម័យប្រជុំពេញអង្គត្រូវបានបន្តដោយកិច្ចប្រជុំតុមូលចំនួនបីស្តីពីការតភ្ជាប់ និងបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមជាសកល (អាកាសធាតុ ជីវចម្រុះ មហាសមុទ្រ សុខភាព) និងបញ្ហាសន្តិសុខ និងការពារជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលស្តីពីសន្តិសុខ និងការពារជាតិ ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវគោលជំហររបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ។
នៅក្នុងសម័យប្រជុំពេញអង្គ ថ្នាក់ដឹកនាំបានពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលស្តែងចេញពីទស្សនៈរបស់សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំក្នុងកិច្ចពិភាក្សាបានសម្តែងនូវក្តីបារម្ភរួមគ្នាពីទស្សនៈគោលពីរនៃពិភពលោកដែលអាចនាំ ទៅដល់ការប្រឈមមុខគ្នា ការប្រកួតប្រជែងគ្នា និងភាពតានតឹង។ ថ្នាក់ដឹកនាំទាំងនោះបានស្នើថា មានចំណុចដែលអឺរ៉ុប និងបណ្តាប្រទេសនានាក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិកអាចរួមដៃគ្នាដើម្បីផ្តល់ជម្រើសនៃរបៀបរៀបរយក្នុងតំបន់ ដែលមានលក្ខណៈពហុភាគី ផ្អែកលើច្បាប់ និងបើកចំហសម្រាប់ផលប្រយោជន៍នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។
ក្នុងន័យនេះ អាស៊ានត្រូវបានទទួលស្គាល់ថាជាតួអង្គកណ្តាលមួយនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយថ្នាក់ដឹកនាំដែលចូលរួម បានលើកទស្សនៈឡើងថា អាស៊ាន និងអឺរ៉ុបគួរតែខិតខំប្រឹងប្រែងដើម្បីស្វែងរកការបំពេញបន្ថែម និងការរួមបញ្ចូលគ្នារវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសក្នុងវិស័យសហប្រតិបត្តិការជាក់ស្តែង ដូចជា ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការស្តារសេដ្ឋកិច្ច សុវត្ថិភាពផ្នែកសុខភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការការពារជីវចម្រុះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


