Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាំពេទ្យ ឧបករណ៍ធ្វើតេស្ត មន្ទីរព្យាបាលជំងឺកូវីដ-១៩ កំពុងដំឡើងថ្លៃក្រឺតៗ ខណៈសម្ដេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំឲ្យឡើងថ្លៃ

ភ្នំពេញ ៖ អាណិតប្រជាពលរដ្ឋពេកណាស់ ជាពិសេស អ្នកមានជីវភាពក្រោមបន្ទាត់មធ្យមចុះក្រោម ឬថា អ្នកក្រីក្រតែម្ដងចុះ ពេលកូនចៅឈឺថ្កាត់ម្ដងៗ ពិបាកស្វែងរកលុយកាក់ទិញថ្នាំសង្កូវព្យាបាលខ្លាំងណាស់ ព្រោះថ្នាំពេទ្យនាពេលថ្មីៗនេះចេះតែឡើងថ្លៃជាបន្តបន្ទាប់ គណៈជំងឺអូនមីក្រុងបានពង្រីកខ្លួនឆ្លងលឿនទៅលើប្រជាពលរដ្ឋក្នុងសហគមន៍ដែលមួយថ្ងៃចាប់ពីជាង ៥០០នាក់ រហូតដល់ខ្ទង់ពាន់នាក់ ដែលនេះជាការព្រួយបារម្ភយ៉ាងខ្លាំង បើទោះជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវសុំឲ្យឱសថស្ថាន និងកន្លែងលក់ថ្នាំពេទ្យផ្សេងៗមេត្តាកុំឡើងថ្លៃយ៉ាងណាក៏ដោយ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ឱសថស្ថាន ឬកន្លែងលក់ថ្នាំពេទ្យទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ទៅតាមអំពើចិត្ត ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ងាយទិញថ្នាំទាំងនោះសម្រាប់ព្យាបាល។

មិនដូច្នេះអី នៅតាមឱសថស្ថានលក់ថ្នាំពេទ្យ ឬកន្លែងលក់ថ្នាំពេទ្យផ្សេងៗ គេកត់សម្គាល់ឃើញមានការដំឡើងថ្មីថ្នាំពេទ្យជាបន្តបន្ទាប់ ដូចជា វីតាមីនប៉ារ៉ា អេហ្វេរ៉ាហ្កង់ , ដូលីប្រេន (ដាក់ក្នុងទឹក) ១ទីប ឡើងថ្លៃពី ១០០០ ទៅ ២០០០រៀល, វីតាមីន C វីតាមីន C + , ឡារ៉ូសកូសប៊ីន ពពួកវីតាមីនទឹកពុះ ធ្លាប់មានតម្លៃ ៧០០០រៀល ឡើងថ្លៃដល់ទៅ ១ ម៉ឺនរៀល កន្លែងខ្លះ ១២០០០រៀល ទៀតផង, ឧបករណ៍ធ្វើតេស្តរកអង់ទីហ្សែនកូវីដ-១៩ ធ្លាប់លក់តម្លៃ ១ម៉ឺន ទៅ ១ម៉ឺន២ពាន់រៀល ពេលនេះកន្លែងខ្លះឡើងដល់ ១៥០០០រៀល ទៅហើយ។

អ្នកទៅមើលនៅតាមមន្ទីរពេទ្យរដ្ឋដែលត្រូវទទួលយកការព្យាបាលអ្នកជំងឺកូវី-១៩ វិញ ដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យរដ្ឋផ្សេងទៀត តាមការស៊ើបសួរពីតម្លៃសេវាព្យាបាលវិញ គឺថ្លៃៗខ្លាំងណាស់ ក្នុងមួយថ្ងៃអស់មិនស្ទើររយដុល្លារទេ (ត្រង់នេះ យើងមិនទាន់និយាយឱ្យចំៗពីតម្លៃនោះទេ ដោយទុកឱ្យខាងមន្ទីរពេទ្យនីមួយៗពិចារណាអំពីតម្លៃសេវាព្យាបាលសិន)។ យើងគ្រាន់តែសូមបញ្ជាក់ថា បានជានៅតាមមន្ទីរពេទ្យរដ្ឋទទួលយកអ្នកជំងឺកូវីដ-១៩ ទៅព្យាបាលហើយថ្លៃៗមិនស្ទើររយដុល្លារនោះ គឺមកពីរោងមណ្ឌលព្យាបាលទាំងអស់របស់រដ្ឋ ឬការរៀបចំមន្ទីរព្យាបាលនានារបស់រដ្ឋកាលពីឆ្នាំមុន ត្រូវបានរុះរើចេញវិញអស់ហើយ ខណៈដែលរាជរដ្ឋាភិបាលបិទបញ្ចប់ការឆ្លងសហគមន៍ ២០ កុម្ភៈ និងបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ, ដូច្នេះទើបមកដល់ពេលនេះសេវាព្យាបាលអ្នកជំងឺកូវីដ-១៩ ទោះក្នុងមន្ទីរពេទ្យរដ្ឋក៏ដោយ គឺសុទ្ធតែថ្លៃៗហួសពីការស្មាន។

គួរកត់សម្គាល់ថា រយៈពេល ១ខែចុងក្រោយនេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩អូមីក្រុង បានហក់ឡើងខ្លាំង ដែលក្នុងមួយថ្ងៃចាប់ពីជាង ៥០០នាក់ ទៅដល់ខ្ទង់ពាន់នាក់ នាំឲ្យប្រជាពលរដ្ឋសម្រុកទៅទិញថ្នាំ សម្រាប់ព្យាបាលខ្លួនឯងនៅតាមផ្ទះមានចំនួនច្រើន ហើយនៅតាមឱសថស្ថាន ឬកន្លែងលក់ថ្នាំពេទ្យនានា ក៏ឆ្លៀតឱកាសលក់កេងយកចំណេញខ្លាំង គឺដំឡើងថ្លៃថ្នាំពេទ្យទាក់ទងនឹងការព្យាបាលជំងឺកូវីដ-១៩។

ទាក់ទងនឹងថ្នាំពេទ្យឡើងថ្លៃនេះ ប្រជាពលរដ្ឋនឹកស្រណោះប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីដែលបានលើកឡើងថា សូមអំពាវនាវចំពោះអ្នកលក់ថ្នាំទាំងឡើយ យើងត្រូវបង្កើតសមត្ថភាពនៃការផ្គត់ផ្គង់ថ្នាំបន្ថែមទៀត ប៉ុន្តែសូមឲ្យយកចិត្តទុកដាក់ ទៅលើចំណុច២យ៉ាង អំពីថ្នាំព្យាបាលនោះ គឺ ÷

  • ទី១ តម្លៃថ្នាំកុំបង្កើនទៅតាមចិត្តចង់ ព្រោះឥឡូវឃើញបន្តកន្ទុយគ្នាទៅទិញថ្នាំ ដោយសារប្រជាពលរដ្ឋគាត់មានសមត្ថភាពដើម្បីការពារខ្លួនឯង។ សូមឲ្យកន្លែងលក់ថ្នាំទាំងអស់ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល សុំកុំដំឡើងថ្លៃទៅតាមចិត្តចង់។
  • ទី២ ផ្នែកសុខាភិបាល ត្រូវតែពិនិត្យមើលថាតើថ្នាំទាំងនោះសុទ្ធ ឬមិនសុទ្ធ ព្រោះថ្នាំក្លែងក្លាយ កើតឡើងច្រើនណាស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×