Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023)។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រារព្ធទិវាជាតិនេះពិតជាបានរួម ចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រ កុលធីតាខ្មែរឱ្យ បន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែល ជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិយើង។

កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់។ ជាអកុសល កំណើននេះ បានថមថយយ៉ាងខ្លាំងនៅក្នុងអំឡុងពេល២ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលដ៏អាក្រក់នៃវិបត្តិជំងឺកូវីដ-១៩។ ពិតណាស់ ជំងឺកូវីដ-១៩ មិនត្រឹមតែបានបង្កមហន្តរាយចំពោះសុខភាពសាធារណៈ ដោយបានសម្លាប់ជីវិតមនុស្ស តែប៉ុណ្ណោះទេ តែថែមទាំងបាននិងកំពុងបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច-សង្គម ស្ទើរគ្រប់វិស័យ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែកម្ពុជានៅតែអាចគ្រប់គ្រងនិងដោះស្រាយ វិបត្តិបានយ៉ាងល្អប្រសើរ តាមរយៈការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រហូតដល់សម្រេចបានលទ្ធផល ចាក់វ៉ាក់សាំងសរុប ៨៩១៤% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដែលការណ៍នេះបាននាំឱ្យកម្ពុជាមានលទ្ធភាពបើកឱ្យដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ជាមួយការ បើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិផងដែរ។

ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្តនិងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការងារ សំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន, ការគិតគូរ ពីចីរភាពនៅតាមបណ្តាទីក្រុង, ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ, និងកិច្ចការពារនិងអភិរក្សធនធាន ធម្មជាតិជាដើម។ ទន្ទឹមនេះ យើងត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញនិងអនុវត្តនូវគោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ ២ ដែលត្រូវគិតគូរស្របពេលគ្នាគឺ៖ ទី១) ការបង្កើន ឧត្តមភាពប្រកួតប្រជែង និងទី២)ការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវ យុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុង ការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង សំដៅឆ្ពោះទៅរកការអភិវឌ្ឍកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពស្អាតនិងបៃតង និងប្រកបដោយសុវត្ថិភាព។

ទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ នេះ គឺជាខួបឆ្នាំទី១០ ហើយត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ទីក្រុង ស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីសារៈសំខាន់ នៃ“ភាពស្អាត” ដែលត្រង់ចំណុចនេះ “ស្អាត” សំដៅដល់ ”ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយ ភាពប្រណិតស្អាតដោយមានបរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព, ស្អាតដោយ មានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារ”។ “ភាពស្អាត” បានក្លាយជាអភិក្រមថ្មីនិងជាតម្រូវការ ចាំបាច់សម្រាប់ការជំរុញការស្ដារវិស័យទេសចរណ៍របស់យើងនៅក្នុងនិងក្រោយពេលវិបត្តិជំងឺកូវីដ-១៩ និងការ ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ជាការពិតប្រធានបទ នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងប្រកបដោយ “ភាពវៃឆ្លាត” មាន “ភាពស្អាតនិងបៃតង” ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយ, មានការធានាបាននូវសុខសុវត្ថិភាពពេញលេញ, មានការផ្តល់សេវាសាធារណៈ ប្រកបដោយបដិសណ្ឋារកិច្ចល្អ, មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងសម្បទាទ្រទ្រង់គ្រប់គ្រាន់ , និងមានការផ្តល់ សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព គឺជាមជ្ឈដ្ឋានដែលប្រជាជនគ្រប់រូបប្រាថ្នាចង់រស់នៅ ហើយទាំងនេះ ក៏ជាកត្តាកំណត់ការសម្រេចចិត្តដ៏ចម្បងបំផុតមួយសម្រាប់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទស្សនារបស់គេនាពេលបច្ចុប្បន្នផងដែរ។

ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការងារអាទិភាពដូចខាងក្រោម៖

១) គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្តដែលបានដាក់ចេញ រួមមាន៖ «វិធានសុវត្ថិភាពទេសចរណ៍» «នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍» ស្របតាមគន្លងប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងស្តារនូវទំនុកចិត្តនិងភាពជឿជាក់លើគ្រប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹតិ្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានីខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។

២) គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ រួមមាន៖ «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣» និង «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង»។

៣) គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត» ឱ្យបានកាន់តែសកម្ម និងផុសផុល សំដៅសម្រេចបានការអភិវឌ្ឍប្រកបដោយភាពស្អាត និងបៃតង នៅក្នុងទីក្រុង និងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

៤) ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយ «ភាពស្អាត និងអនាម័យ» រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន/រោងចក្រ និងបងប្អូនជនរួម ជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវ ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជា គោលដៅទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងសុវត្ថិភាព សម្រាប់ការបើកទទួលស្វាគមន៍ភ្ញៀវ ទេសចរអន្តរជាតិឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×