Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ហាក់ងឿងឆ្ងល់ថា មិនគួរណាឲ្យរឿងតូចបន្ដិចបន្ទួចនៅមូលដ្ឋាន លោតមកដល់ថ្នាក់លើទាល់តែសោះ គួរណាស់តែមន្ដ្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ហាក់ងឿងឆ្ងល់ថា មិនគួរណាឲ្យរឿងតូចបន្ដិចបន្ទួចនៅមូលដ្ឋាន លោតមកដល់ថ្នាក់លើទាល់តែសោះ គួរណាស់តែមន្ដ្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំដោះស្រាយបញ្ហាណាដែលមានវិសាលភាពធំៗ មិនមែនដោះស្រាយរឿងមូលដ្ឋានបែបនេះឡើយ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ, សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមរយៈហ្វេសប៊ុករបស់សម្ដេចផ្ទាល់ គឺទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឲ្យសម្ដេចជួយអន្ដរាគមន៍ដោះស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយជូនប្រជាពលរដ្ឋ។ ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ យើងត្រូវខិតខំដោះស្រាយ។

សម្ដេចក្រឡាហោម បញ្ជាក់ថា មូលហេតុផ្សេងទៀត ដែលប្រជាពលរដ្ឋរាយការណ៍ទុកកង្វល់មកសម្ដេចបែបនេះ គឺដោយសារមិនទុកចិត្តអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមិនដោះស្រាយបញ្ហាទាំងអស់នេះឲ្យពួកគាត់ ឬមិនអើពើ ហើយចាត់ទុកជាបញ្ហាធម្មតា។ ខ្ញុំជួបប្រទះច្រើនហើយ ជួនកាលបញ្ហាច្រើនពេកពួកគាត់មិនសូវឲ្យតម្លៃ មិនសូវយកចិត្តទុកដាក់ទេ អញ្ជឹងខ្ញុំស្នើថា ទោះបីបញ្ហាតូចក៏ដោយបញ្ហាធំក៏ដោយ យើងជាមន្ដ្រីមិនត្រូវបោះបង់ចោលទេ។ ត្រូវប្រមូលមកទាំងអស់ ដើម្បីពិនិត្យ។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះបានរំលឹករឿងថា កាលពីមុនសំបុត្រអនាមិក គេមិនសូវឲ្យតម្លៃនោះទេ ប៉ុន្ដែបច្ចុប្បន្ននេះមិនត្រូវអនុវត្តបែបនេះឡើយ បើទោះបីអ្នកផ្ដល់ព័ត៌មាននេះ ជាជនអនាមិកឲ្យតែព័ត៌មាននោះពិត គឺត្រូវតែដោះស្រាយ។ សម្ដេចថា មូលហេតុអីបានគេធ្វើអនាមិក ដោយសារគាត់មិនហ៊ានចេញមុខ ព្រោះរឿងនោះរសើប ហើយពេលចេញមុខទៅអាចប៉ះពាល់ដល់សុវត្ថិភាពខ្លួនគាត់។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា នៅពេលសម្ដេចទទួលបានព័ត៌មានទាំងអស់នេះ តាមរយៈហ្វេសប៊ុកហើយនោះ ក្រុមការងាររបស់សម្ដេចបានរៀបចំបែងចែកព័ត៌មានទាំងអស់នោះ ទៅតាមអង្គភាពនីមួយៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីបញ្ជូនបន្ដទៅថ្នាក់មូលដ្ឋានសិក្សាដោះស្រាយ។ សម្ដេចបន្ដថា កន្លែងខ្លះក៏បានដោះស្រាយ ហើយបញ្ជូនរបាយការណ៍មកវិញថា បានដោះស្រាយរួចរាល់ ប៉ុន្ដែកន្លែងខ្លះមិនបញ្ជូនរបាយការណ៍ត្រលប់មកវិញទេ។

សម្ដេចបានបញ្ជាក់ច្បាស់ថា គ្រប់បណ្ដាអង្គភាព ស្ថាប័នចំណុះក្រសួងមហាផ្ទៃ នៅពេលទទួលបានសេចក្ដីរាយការណ៍ ឬរបាយការណ៍ទៅ ត្រូវចាត់ចែងដោះស្រាយ និងឆ្លើយតបភ្លាមៗត្រលប់មកវិញ មិនមែនដាក់ទៅស្ងាត់គ្មានការឆ្លើយតបនោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×