Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាកាងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី អំពីវឌ្ឍនភាព នៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

spot_img

ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណើរពីគណៈប្រតិភូ Infrastructure Asia (IA) ដឹកនាំដោយលោក Lavan Thiru នាយកប្រតិបត្តិ IA រួមជាមួយនឹងលេខាទីពីរស្ថានទូតផងដែរ។

ជំនួបពិភាក្សាការងារនេះមានគោលបំណងសំខាន់ពីរ៖ (១) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងIA និងក្រសួងសាធារណការ និងដឹកជញ្ជូន និង (២) រាយការណ៍អំពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) ជូនឯកឧត្ដមទេសរដ្ឋមន្ត្រី និងស្នើសុំ អនុសាសន៍ណែនាំបន្ថែម សំដៅឈានទៅអនុវត្តគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ លោក Lavan Thiru នាយកប្រតិបត្តិ Infrastructure Asia (IA) បាន ជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីថា៖ ក្រុមហ៊ុន YCH និង PricewaterhouseCooper (PwC) កំពុង ធ្វើការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) ហើយកាលពី សប្តាហ៍កន្លងទៅ ក្រុមហ៊ុនទាំងពីរបានប្រមូលទិន្នន័យដើម្បីធ្វើការវិភាគ និងបានចុះទៅពិនិត្យទីតាំងទាំង ៣កន្លែងផងដែរ។ លោក Lavan Thiru បានបន្តថា៖ ជារួមការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC)សម្រេចបានប្រមាណ៥០%ហើយ គ្រោងនឹងបញ្ចប់នៅពាក់ កណ្តាលខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យនិងសម្រេច។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការសិក្សាសមិទ្ធិ លទ្ធភាពគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងរង់ចាំមើលលទ្ធផលនៃការសិក្សានេះនៅក្នុង ខែមេសា ឆ្នាំ២០២២ ដើម្បីឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះ តាមផែនការដែលបាន គ្រោងទុកនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមក្នុងភាព ជាដៃគូជាមួយក្រសួងដើម្បីរៀបចំដាក់ឱ្យដំណើរការគម្រោងប្រើប្រាស់យានយន្តដើរដោយថាមពល អគ្គិសនី ផែនការមេនៃគម្រោងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើន ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពី៖ កិច្ចសហការរវាងក្រសួងជាមួយនឹងអង្គការUNDP(កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្មEVs និងការបង្កើតShow Roomសម្រាប់រថយន្តEVs នៅក្នុងខែមីនា ឆ្នាំ២០២២ និងការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកពេញលេញមួយក្នុងការជំរុញការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី(EV)ដើម្បីចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន។

សូមជម្រាបជូនថា៖ កិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងក្រុមហ៊ុនInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តាមស្មារតីនៃកិច្ច ខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលផងដែរ។

គួរកត់សម្គាល់ដែរថា៖ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញនេះនឹងដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការជួយសម្រួល ដល់ការងារដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល និង ឆាប់រហ័ស និងរួមចំណែកក្នុងការជំរុញ ការធ្វើសមាហរណកម្មភស្តុភារកម្មរបស់កម្ពុជា ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបន្ថយល្បឿនគម្រោងនេះបន្តិចមែន ប៉ុន្តែវាមិនអាចបញ្ឈប់គម្រោង នេះទាំងស្រុងពីការសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលបានទេ ដោយហេតុថាPPLCគឺជាគម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រ មានទីតាំងស្ថិតនៅចំណុចកណ្តាលប្រទេសកម្ពុជា អាចផ្តល់ការគាំទ្រដល់ បណ្តាញចែកចាយទំនិញ និងបណ្តាញតភ្ជាប់គ្រប់មធ្យោបាយដឹកជញ្ជូនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×