Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីទម្លាយរឿងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង បើកភ្លើងខៀវ ឲ្យមេៗគយ តាមច្រកព្រំដែនពុករលួយ

ភ្នំពេញ ៖ មន្រ្តីគយ និងមន្ត្រីពាក់ព័ន្ធបានទម្លាយឲ្យដឹងថា លោកហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង បានបើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយ ដោយមេៗគយនៅតាមច្រកព្រំដែនទាំងនោះ ឃុបឃិតជាមួយក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។

បើតាមមន្រ្តីនៅច្រកព្រំដែនបុសមន ស្រុករំដួល បានឲ្យដឹងថា លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន បានឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។ លោក ឃុត សាលីន តែងតែប្រើឈ្មោះលោក ហេង សំបូរ ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន។ ប្រសិនបើគ្មានការបើកភ្លើងខៀវពីលោក ហេង សំបូរ គឺលោក ឃុត សាលីន មិនហ៊ានធ្វើអ្វីផ្តេសផ្តាសនោះទេ។

ចំណែកមន្រ្តីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ បានឲ្យដឹងដែរថា លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។

រីឯលោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក៏បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងអនាធិបតេយ្យ។

ទាក់ទងព័ត៌មានខាងលើនេះ លោកហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ CEN

×