ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កំណើនពាណិជ្ជកម្ម ដ៏រឹងមាំដែលភាគីទាំងពីរ (កម្ពុជានិងម៉ាឡេស៊ី) សម្រេចបានក្នុងកាលៈទេសៈ នៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សា នូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០។

កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali ទេសរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី និងសហការី។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី និងសហការី ក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Dato’ Sri Ismail Sabri bin Yaakob នាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាស នៃការប្រារព្វរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ីក្នុងឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានសាទរចំពោះកំណើនពាណិជ្ជកម្ម ដ៏រឹងមាំដែលភាគីទាំងពីរ សម្រេចបានក្នុងកាលៈទេសៈ នៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សា នូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវច្បាប់សំខាន់ៗ រួមមានជាអាទិ៍ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ-ឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដើម្បីគាំទ្រ និងសម្រួលដល់វិស័យឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យភាគីម៉ាទ្បេស៊ី បន្តជំរុញនិងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានចូលរួមអបអរសាទរនូវការរំលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា កម្ពុជានៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងជាទីតាំងយុទ្ធសាស្រ្តសម្រាប់ម៉ាទ្បេស៊ី ក្នុងខ្សែច្រវាក់ផ្តត់ផ្គង់តំបន់ ហើយនឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបតិ្តការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។
ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ ហើយបានបញ្ជាក់ពីគោលបំណង ក្នុងការពង្រីកការវិនិយោគមកកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងអាសិបដែលបានចូលជាធរមាន កាលពីខែមករា ឆ្នាំ២០២២ កន្លងមក។
លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសំណើរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈយោគយល់គ្នា លើការជំរុញនិងបង្កើនការនាំចូលអង្ករកម្ពុជា និងផលិតផលកសិកម្មសំខាន់ៗផ្សេងទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជម្រាបជូនផងដែរថា ម៉ាឡេស៊ី និងសហការជាមួយភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិ លើវិស័យផលិតកម្មម្ហូបហាទ្បាល់ និងផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាល ផលិតកម្មម្ហូបអាហារហាទ្បាល់នៅកម្ពុជា ផងដែរ ។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី Mohamed Azmin Ali បានថ្លែងអបអរសាទរកម្ពុជាដែលបានជ្រើសរើសនូវមូលបទ (ASEAN : Addressing Challenges Together) ដែលត្រូវទៅនឹងភាពចាំបាច់ នៃស្ថានភាពបច្ចុប្បន្ន ជាពិសេសបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ផ្តល់គាំទ្រយ៉ាងពេញលេញចំពោះឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ហើយសង្ឃឹមយ៉ាងមុតមាំថាអាស៊ាន នឹងអាចសម្រេចបាននូវសមិទ្ធផល អាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តលើកកម្ពស់ កិច្ចសហប្រតិបត្តិទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





