Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្នើឲ្យទប់ស្កាត់ការឆ្លង ដល់ភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តតាមបែបផ្សងព្រេង នៅតាមតំបន់ ដែលមានការចម្លងជំងឺគ្រុនចាញ់

សៀមរាប ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើឲ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ត្រូវបន្តការងារគ្រប់គ្រងព័ត៌មានអ្នកជំងឺគ្រុនចាញ់ ឱ្យបានហ្មត់ចត់ ដោយមានការតាមដានជាប់ជាប្រចាំ និងធ្វើការវាយតម្លៃវឌ្ឍនភាពការងារ ឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវទប់ស្កាត់ការឆ្លង ដល់ភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តតាមបែបផ្សងព្រេង នៅតាមតំបន់ ដែលមានការចម្លងជំងឺគ្រុនចាញ់។

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប ការងារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅខេត្តសៀមរាប។

នៅក្នុងសន្និបាតរយៈពេលបីថ្ងៃនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបង្ហាញនិងពិភាក្សាគ្នាយ៉ាងផុលផុសដោយពិនិត្យលើសមិទ្ធផលដែលសម្រេចបានក្នុង ឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រាជធានី-ខេត្ត និងអង្គការដៃគូសុខាភិបាល ដែលជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាសំដៅលុបបំបាត់ ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ២០២៣។

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ៖ សូមជំរុញការអនុវត្តវិធីផ្តល់ថ្នាំបង្ការទុកជាមុន (IPTf) ទៅដល់ក្រុមគោលដៅប្រឈមខ្ពស់ (ចូលព្រៃ) ដើម្បីបង្ការការលេចចេញនូវករណីចម្លងថ្មីៗ ឬ បង្ការការចម្លងទៅអ្នកដទៃដែលនៅជិតខាង ឬតំបន់ក្បែរៗក្រុមគោលដៅប្រឈមខ្ពស់នោះ។ បង្កើតក្រុមការងារអន្តរខេត្ត ឬអន្តរតំបន់ដែលមានហានិភ័យខ្ពស់ ឬនៅមានករណីគ្រុនចាញ់នៅឡើយ ដើម្បីរួមគ្នាសហការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជាក្របខណ្ឌតំបន់ នៅតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេស។

លោកជំទាវ ស្នើឲ្យពន្លឿនការបង្កើតក្រុមការងារ ដោយធ្វើកិច្ចសហការណ៍ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ជាបែបអន្តរវិស័យ ដើម្បីទប់ស្កាត់ការឆ្លងដល់ភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តតាមបែបផ្សងព្រេង នៅតាមតំបន់ដែលមានការចម្លងជំងឺគ្រុនចាញ់។ ត្រូវបង្កើនការងារផ្សព្វផ្សាយ អប់រំសុខភាព ជាពិសេសអំពីផលប្រយោជន៍ នៃការចូលរួមអនុវត្តន៍ទទួលថ្នាំបង្ការទុកជាមុន និងវិធានការការពារផ្សេងៗទៀត ឱ្យបានទូលំទូលាយនៅតាមតំបន់ហានិភ័យនានា។ ត្រូវបន្តការងារគ្រប់គ្រងព័ត៌មានអ្នកជំងឺគ្រុនចាញ់ ឱ្យបានហ្មត់ចត់ ដោយមានការតាមដានជាប់ជាប្រចាំ និងធ្វើការវាយតម្លៃវឌ្ឍនភាពការងារ ឱ្យបានទាន់ពេលវេលា។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថាចំពោះជំងឺគ្រុនឈាម និងគ្រុនឈីក ឬជំងឺផ្សេងៗដែលឆ្លងតាមរយៈមូសខាំ ៖ ត្រូវបង្កើនការផ្សព្វផ្សាយ ពីចំណេះដឹងអំពីរោគសញ្ញា វិធីបង្ការ និងការស្វែងរកព្យាបាល ឱ្យបានទាន់ពេលវេលា។ ពង្រីកសមត្ថភាព ការគ្រប់គ្រងជំងឺគ្រុនឈាម គ្រុនឈីក ឬជំងឺផ្សេងៗដែលអាចកើតមាន ដោយសារមូសខាំ ជូនដល់មន្រ្តីសុខាភិបាល នៅគ្រឹះស្ថានសុខាភិបាលសាធារណៈនិង សេវាឯកជន។ សូមឱ្យមានការបន្តសហការ ពីដៃគូអភិវឌ្ឍន៍ ដើម្បីបន្តពង្រីកការងារអប់រំសុខភាព តាមសហគមន៍ ដោយពង្រឹង និងពង្រីកការងារថែទាំសុខភាពបឋម នៅតាមសហគមន៍ ដើម្បីបន្តបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាជន ក្នុងការកាត់បន្ថយប្រភពមូសខ្លា និងការមកទទួលសេវាពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមការពារ ពីការកកើតឡើងនូវជំងឺដង្កាត់ផ្សេងៗទៀត ទាំងជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគមន៍។

បើតាមវេជ្ជបណ្ឌិត ឱ វណ្ណឌីន “ការលុបបំបាត់ជម្រកមូសខ្លា នៅតែជាចំណុចសំខាន់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ នៅតាមមូលដ្ឋាននៃ បណ្តាខេត្តនានា ដើម្បីកាត់បន្ថយការកកើតឡើងច្រើនពេក នូវភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងជំងឺផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ”។

ចំណែកឯកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន បន្តរក្សាអត្រាគ្របដណ្តប់ផ្តល់ថ្នាំទម្លាក់ព្រូន ដល់ប្រជាជនគោលដៅអោយបាន ៩០% យ៉ាងតិច និងបន្តការអប់រំសុខភាព នៅតាមសាលារៀន រោងចក្រ សហគ្រាស និងសហគមន៍ជាដើម ឲ្យបានទៀងទាត់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×